ធ្លាប់តែច្រៀងរួមគ្នាជាក្រុមពលេនេះតារាចម្រៀង ខាន់ ជេមស៌ បានចាប់ដៃគ្នាច្រៀងរួមគ្នាជាលើកដំបូងជាមួយកំពូលតារាចម្រៀង ព្រាប សុវត្ថិ តាមរយៈបទចម្រៀងថ្មីមួយដែលមានចំណងជើងថា «សង្សារក្រៅសង្វៀន » ។

« សង្សារក្រៅសង្វៀន » គឺជាបទចម្រៀងមនោរសញ្ចេតនាខូចចិត្ត ដែលនិពន្ធ Melody និងទំនុកច្រៀងដោយ យ៉ង់ ចន្ទនីតា និងនិពន្ធបទភ្លេងដោយលោក K-Pheak ។ លោក ខាន់ ជេមស៌ បានបង្ហាញនូវអារម្មណ៍រំភើបថា លោកពិតជារីករាយណាស់ដែលបានចាប់ដៃគូច្រៀងឆ្លើយឆ្លងជាមួយលោក ព្រាប សុវត្ថិ ក្នុងបទ « សង្សារក្រៅសង្វៀន » នេះគឺជាបទពិសោធន៌ថ្មីមួយ ដោយលោករំពឹងថា បទចម្រៀងនេះនឹងត្រូវចិត្តអ្នកគាំទ្រ ។
ថ្វីដ្បិតតែបទចម្រៀង « សង្សារក្រៅសង្វៀន » នៅពុំទាន់ចេញជា MV ចម្រៀងក្តី តែបទចម្រៀងនេះបានចេញជា Audio ជាផ្លូវការនៅថ្ងៃទី ៣១ ខែ តុលា នេះ នៅក្នុងផលិតកម្ម ហ្គាឡាក់ស៊ី ណាវ៉ាត្រា ។ អ្នកគាំទ្រជាច្រើនបានលាន់មាត់សរសើរបន្ទាប់ពីបានស្តាប់បទចម្រៀងនេះហើយ ។
កំពូលតារាចម្រៀង ព្រាប សុវត្ថិ ក៏បាននិយាយផងដែរថា « នេះគឺជាបទថ្មីរបស់ខ្ញុំបាទជាមួយប្អូនប្រុស ខាន់ ជេមស៌ សង្ឃឹមថាពុកម៉ែបងប្អូនស្រឡាញ់ក៏ដូចជាចូលចិត្ត » ។
លោក ខាន់ ជេមស៌ រំពឹងថាបទចម្រៀងថ្មីនេះនឹងទទួលបានការគាំទ្រច្រើនពីសំណាក់ទស្សនិកជន ពិព្រោះជាបទចម្រៀងថ្មីលើកដំបូងដែលលោកច្រៀងឆ្លើយជាមួយកំពូលតារាចម្រៀង ព្រាប សុវត្ថិ ដែលកន្លងមកធ្លាប់តែច្រៀងជាក្រុម ។ តាមរយៈបទចម្រៀងថ្មីនេះលោកទទួលបានបទពិសោធន៍ថ្មីៗ និងល្អៗជាច្រើនជាមួយរៀមច្បង ព្រោះលោក ព្រាប សុវត្ថិ មិនងាយនឹងចាប់ដៃគូច្រៀងជាមួយតារាចម្រៀងរូបណាមួយណាស់ ៕





