មរណភាពតារាសម្តែងវ័យ៤០ឆ្នាំ អ៊ុន សិទ្ធា បានធ្វើឱ្យសិល្បករសិល្បការិនីជាច្រើនស្លុតចិត្តស្លុតអារម្មណ៍ ដោយសារលោកចាកចេញដោយមិនបានលានរណាម្នាក់សោះ ។ ដោយមិនអាចទប់អារម្មណ៍បានលោក គួច ខេវិន ដែលធ្លាប់បណ្តុះបណ្តាលលោក អ៊ុន សិទ្ធា បានបង្ហាញនូវអារម្មណ៍សោកសៅ និងនិយាយពីចរិតពិតរបស់លោក អ៊ុន សិទ្ធា ទុកជាអនុស្សាវរីយ៍ ។

លោក អ៊ុន សិទ្ធា បានទទួលមរណភាពកាលពីថ្ងៃទី ១៩ខែវិច្ឆិកា កន្លងមកនេះដោយជំងឺដំបៅក្រពះ ពោះវៀនធ្ងន់ធ្ងរ និងទឹកដក់ក្នុងពោះ សពរបស់លោកនឹងបូជានៅថ្ងៃទី ២១ ខែវិច្ឆិកា ។
លោក គួច ខេវិន អតីតអគ្គនាយករងទូរទស្សន៍CTN ,SEA TV និងETV ហើយក៏ធ្លាប់ដឹកនាំ កម្មវិធីសិល្បៈជាង២០ឆ្នាំ បានរៀបរាប់ថា « បានស្គាល់ជាដំបូង គ្រាដែលប្អូនប្រុសមកពីខេត្តស្វាយរៀងបានដាក់ពាក្យប្រកួតប្រជែងក្នុងកម្មវិធីស្រីស្រស់ ប្រុសស្អាតCTN ឆ្នាំ២០០៦ ដែលកាលណោះ មិនជាមានកាម៉េរ៉ាទំនើបផ្តិតរូបភាពបានល្អស្អាតនៅឡើយ ប៉ុន្តែចរិយាមាយាទ ចរឹកឬកពា របស់ប្អូនត្រូវបានកត់សម្គាល់នឹងរុញច្រានឱ្យប្អូនជាប់ចំណាត់ថ្នាក់និងចូលមកក្នុងរង្វង់សិល្បៈ ។
ខ្ញុំបានកោតសរសើរតាំងតែតែពីបានស្គាល់តំបូងនោះនូវជីវិតប្រកបដោយ “គុណធ៌ម”របស់ប្អូនហើយបាន ជួយបណ្តុះបណ្តាល និងទទួលឱ្យរួមកិច្ចការងារជាច្រើនដើម្បីឱ្យប្អូនប្រុសម្នាក់នេះទទួលបានបទពិសោធន៌ កាន់តែមានទេពកោសល្យសិល្បៈខ្ពស់ ។
ប្អូន អ៊ុន សិទ្ធា ជាកូនពៅ នៅកៀកកិតស្និតជាប់ជាមួយម្តាយ ឪពុក ចាស់ជរា ដូច្នេះហើយទើបបានជាអំឡុងពេលនៃការប្រកបអាជីពសិល្បៈប្អូនតែងបដិសេដមិនចេញទៅសម្តែងនៅក្រៅប្រទេសដូច គេដ៏ទៃទៀត ដើម្បីទុកពេលវេលាថែទាំម្តាយ ឪពុក ជរា រហូតលោកទាំងពីររលត់សង្ខាទៅ បន្តបន្ទាប់។ ពេលនេះ ប្អូន អ៊ុន សិទ្ធា បានលាលោកនេះ ដោយមិនត្រឡប់ ប៉ុន្តែបងនៅតែកោតសរសើរនិងស្ញប់ស្ញែងចំពោះ”សិលធ៌ម គុណធ៌ម” ប្រកបដោយភាពថ្លៃថ្នូររបស់ប្អូនដែលធ្លាប់មាន នឹងសូមឱ្យបានជាគំរូល្អសម្រាប់ ប្អូនៗជំនាន់ក្រោយយកមកលម្អជីវិតកាន់តែប្រសើរ » ។
លោក គួច ខេវិន ថែមទាំងបាននិយាយថា សូមឱ្យអ្នករស់នៅក្នុងសង្គម ចេះស្រឡាញ់ អាណិតអាសូរ ចេះជួយគ្នានៅគ្រាដែលមនុស្សដែលគួរឱ្យជួយនៅរស់រានមានជីវិតជួបលំបាក កុំបណ្តោយឱ្យគ្នាវេទនារហូតរលត់ជីវិតទៅហើយ ទើបពោលថាអាណិតណាស់ អ្នកដែលស្លាប់ហើយស្តាប់មិនឮឡើយ ៕






