ខកឆាកឡើងឆាកសម្តែងអស់ពេលយ៉ាងយូរទីបំផុតនាដការីរបាំ សាលី ស្រីមាស ល្បីខូចក្រលៀនបានត្រឡប់មកវិញហើយ ! 

នាដការីរបាំ សាលី ស្រីមាស ដែលមានសុខភាពមិនល្អគេងនៅលើគ្រែពេទ្យ គ្មានកម្លាំងកំហែង ទឹមុខស្លេកស្លាំងដោយសារតែខូចក្រលៀនកាលពីបំណាច់ឆ្នាំ២០២៤នោះ ពេលនេះនាងមានសុខភាពល្អប្រសើរព្រមទាំងជាសះស្បើយ និងបានវិលត្រឡប់មកកាន់ឆាកសម្តែងឡើងវិញហើយ ។ 

តាមរយៈវិដេអូដែលខាងសមាគមសិល្បករខ្មែរបានបង្ហោះកាលពីពេលថ្មីៗនេះនៅក្នុងកម្មវិធី ខួប៩ឆ្នាំចាប៉ីដងវែងដែលរៀបចំឡើងនៅផ្សារជីបម៉ុង យើងចាប់អារម្មណ៍ឃើញថា នាដការីរបាំបុរាណ សាលី ស្រីមាស មានសុខភាពល្អប្រសើរឡើងវិញហើយ ហើយថែមទាំងអាចសម្តែងបានយ៉ាងល្អដូចដើម បន្ទាប់ពីទទួលបានការព្យាបាលយកចិត្តទុកដាក់ពីគ្រូពេទ្យជំនាញអស់មួយរយៈពេល ។ ជាមួយគ្នានោះដែរផេកសមាគមសិល្បករខ្មែរ បានសរសេរថា តើនៅចាំទេ នាដការី សាលី ស្រីមាស ដែលធ្លាប់ទទួលបានការរ៉ាប់រងព្យាបាលទាំងស្រុងពីអ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិក និងជាប្រធានក្រុមអគ្គនាយកក្រុមហ៊ុន ជីបម៉ុង តាមរយៈការជួយសម្របសម្រួលពីអ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរ កាលពីចុងឆ្នាំ២០២៤ ដើមឆ្នាំ២០២៥ ។ កញ្ញា សាលី ស្រីមាស ដែលជានាដការីដ៏មានទេពកោសល្យមួយរូប បានជួបបញ្ហាសុខភាពយ៉ាងធ្ងន់ធ្ងរត្រូវលាងឈាមជាប្រចាំ ទាមទារការព្យាបាលជាបន្ទាន់ នៅពេលនេះនាងបានជាសះស្បើយវិញហើយ ហើយក៏អាចមកសម្តែងបានដូចធម្មតាវិញ ។ 

នាដការីរបាំបុរាណ សាលី ស្រីមាស ថែមទាំងបានបង្ហាញនូវអារម្មណ៍រីករាយថា « បន្ទាប់ពីការសម្រាកព្យាបាលជំងឺរយៈពេលយូរ នាងខ្ញុំ សាលី ស្រីមាស បានត្រឡប់មកវិញជាមួយនឹងកម្លាំងពេញលេញ និងចិត្តរឹងមាំ។ សូមអរគុណដល់អ្នកទាំងអស់ដែលបានលើកទឹកចិត្ត និងគាំទ្រនាងខ្ញុំក្នុងអំឡុងពេលពិបាក ។ នាងខ្ញុំនៅតែបន្តថែរក្សា និងផ្សព្វផ្សាយសិល្បៈវប្បធម៌ខ្មែរដ៏មានតម្លៃនេះជានិច្ច » ៕