សាងភាពស្អាតស្អំជូនឧកញ៉ា ព្រាប សុវត្ថិ និងសុវត្ថិ មុនីនាគ ម្ចាស់បទ « Don’t Thai To me » វ៉ាន់ ជំនោរ ចេញមុខសុំទោសជាសាធារណៈ ! 

ដោយមើលឃើញពីកំហុសឆ្គងរបស់ខ្លួនលោក វ៉ាន់​ ជំនោរ ម្ចាស់បទ « Don’t Thai To me » បានចេញមុខសុំទោសជាសាធារណៈនូវទង្វើមិនគប្បីរបស់ខ្លួនចំពោះឧកញ៉ា ព្រាប សុវត្ថិ និងតារាចម្រៀង សុវត្ថិ មុនីនាគ ហៅលោក N.John កាលពីពេលថ្មីៗនេះ ។  

លោក វ៉ាន់ ជំនោរ បានរៀបរាប់ថា « លិខិតសុំទោសទៅកាន់លោក សុវត្ថិ មុនីនាគ ហៅ N. John និង ឧកញ៉ា ព្រាប សុវត្ថិ និងក្រុមគ្រួសារ ។ នៅថ្ងៃទី ១៣ ដល់ថ្ងៃទី ១៥ វិច្ឆិកា កន្លងមកនេះ ខ្ញុំបាទបានធ្វើការចែករំលែក ស៊ែរខមមិន បង្ហោះនៅលើបណ្តាញហ្វេសប៊ុក និង យូធូប ដោយបានប្រើពាក្យ ប្រៀបធៀប និងបង្អាប់ប្រមាថមើលងាយ និងអះអាង បំភ្លើសទៅដល់លោកឧកញ៉ានិងក្រុមគ្រួសារ យ៉ាងពិតប្រាកដមែន ។  តាមរយៈសកម្មភាពនិងទង្វើរទាំងអស់នេះហើយដែលជាហេតុផលធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់កិត្តិយស កិត្តិនាមសេចក្តីថ្លៃថ្លូរ និងមុខរបរការងាររបស់ សុវត្ថិ មុនីនាគ និងលោកឧកញ៉ា និងក្រុមគ្រួសារ ។

លោកឧកញ៉ានិងក្រុមគ្រួសារជាទីគោរព ខ្ញុំបាទពិតជាសោកស្តាយនូវអ្វីដែលខ្ញុំបានធ្វើ ចំពោះសកម្មភាពទាំងអស់និងទង្វើររបស់ខ្ញុំដែលបានប្រព្រឹត្តិ ទៅ នៅថ្ងៃទី ១៣ ដល់ថ្ងៃទី ១៥ វិច្ឆិកា កន្លងមកនេះ ដោយសារតែខ្ញុំបាទមានការយល់ច្រឡំ និងមិនបានគិតគូពិចារណាឱ្យបានវែងឆ្ងាយចំពោះ ទង្វើររបស់ខ្លួន ដូច្នេះដើម្បីផ្តល់ភាពយុត្តិធម៌និងភាពស្អាតស្អំ ជូនទៅលោក N.John និងឧកញ៉ា ព្រាប សុវត្ថិ និងក្រុមគ្រួសារវិញ ខ្ញុំបាទសូមទទួលស្គាល់នូវកំហុសរបស់ខ្លួន ទាំងស្រុង និងសូមសន្យាថា ឈប់ធ្វើទង្វើរមិនគួរគប្បីដែលនាំឱ្យប៉ះពាល់ដល់លោកឧកញ៉ា និងក្រុមគ្រួសារទៀតហើយ ចាប់ពីពេលនេះតទៅ  » ។

ជាមួយគ្នានោះផងដែរ លោក វ៉ាន់​ ជំនោរ ថែមទាំងបានសន្យាថា « ខ្ញុំបាទនិងលុបចោល រាល់សកម្មភាពដែលខ្ញុំបានធ្វើការចែករំលែកសរសេរខមមិន បង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុកកន្លងមកចាប់ពីថ្ងៃនេះតទៅ ហើយថែមទាំងធ្វើការសុំទោសជាសាធារណៈតាមរយៈវិដេអូ ។ ទន្ទឹមនិងនេះខ្ញុំបាទសុំផ្តាំផ្ញើទៅសាធាណរជនទាំងអស់ សូមកុំធ្វើទង្វើរដូចខ្ញុំបាទឱ្យសោះ ហើយសុំធ្វើការបញ្ចេញមតិ យោបល់ត្រឹមសិទ្ធរបស់ខ្លួនបានហើយ មិនត្រូវធ្វើឱ្យប៉ះពាល់ដល់សិទ្ធរបស់អ្នកដទៃនោះទេ  ។ សូមលោក សុវត្ថិ មុនីនាគ និងឧកញ៉ា និងក្រុមគ្រួសារ មេត្តអធ្យាស្រ័យនិងអភ័យទោសដល់រូបខ្ញុំបាទដោយក្តីអនុគ្រោះ » ។

គួរបញ្ជាក់ផងដែរ បច្ចុប្បន្ននេះមានជនខិលខូចមួយចំនួនតូចបានប្រើបណ្តាញសង្គមហ្វេសប៊ុក និង យូធូប ដើម្បីខមមិននិងរិះគន់នូវរឿងមិនល្អដើម្បីតែផលប្រយោជន៌របស់ខ្លួនធ្វើឱ្យប៉ះពាល់ដល់សិទ្ធឯកជនរបស់អ្នកដទៃ  ។ ក្នុងនាមជាជនជាតិខ្មែរ សូមមេត្តារិះគន់ដើម្បីស្ថាបនា និងមានក្រមសីសធម៌ សុជីវធម៌នៅក្នុងខ្លួន កុំឱ្យប៉ះពាល់ដល់សាធារណជន ៕