កៀកថ្ងៃចូលរោងការ ពិធីការិនី រ៉េត សារីតា ប្រកាសរៀបចំពិធីមង្គលការរបស់ខ្លួនរហូតដល់ទៅ៣ថ្ងៃនៅលើទឹកដី សៀមរាប ដើម្បីចូលរួមនិងជួយផ្សព្វផ្សាយទេចរណ៍ សិល្បៈ ប្រពៃណី ខ្មែរ និង អឺរ៉ុប ។

ពិធីមង្គលការរបស់ រ៉េត សារីតា ត្រូវបានគេចាត់ទុកថាជាមង្គលការលេចធ្លោបំផុតសម្រាប់បំណាច់ឆ្នាំ២០២៥ នេះ ដោយសារតែនាងបានប្រកាសរៀបចំដល់ទៅ៣ថ្ងៃជាប់គ្នា រហូតធ្វើឱ្យផ្ទុះការចាប់អារម្មណ៍ខ្លាំងពីមហាជន ជាក់ស្តែងកាន់តែកៀកថ្ងៃចូលមកដល់ រ៉េត សារីតា កាន់តែមានអារម្មណ៍ភ័យអរៗ ពីព្រោះនេះជាពិធីមង្គលការក្នុងក្តីស្រមៃដែលនាងចង់បាន ។
បើតាមគម្រោងពិធីមង្គលការរបស់ រ៉េត សារីតា នឹងរៀបចំឡើងនៅថ្ងៃទី ១៨ ដល់ថ្ងៃ ២០ ខែ ធ្នូ ឆ្នាំ ២០២៥ នៅទឹកដីខេត្ត សៀមរាប ដោយពិធីនោះនឹងធ្វើឡើងរយៈពេល៣ថ្ងៃនៅទីតាំងផ្សេងៗគ្នា និងបានត្រៀមអញ្ជើញភ្ញៀវជាតិនិងអន្តរជាតិជាច្រើនចូលរួមអបអរសាទរ ។
រ៉េត សារីតា បានបញ្ជាក់ប្រាប់ថា មូលហេតុដែលនាងសម្រេចចិត្តរៀបចំពិធីមង្គលការរហូតដល់ទៅ៣ថ្ងៃជាប់គ្នា គឺដោយសារនាងចង់ផ្សព្វផ្សាយទេចរណ៍ សិល្បៈ ប្រពៃណីខ្មែរ និង អឺរ៉ុប ឱ្យអ្នករស់នៅក្រៅប្រទេស កាន់តែស្គាល់ពី កម្ពុជា ។
ទន្ទឹមជាមួយគ្នានោះផងដែរថា រ៉េត សារីតា ថែមទាំងបានរៀបរាប់ប្រាប់អ្នកគាំទ្រមុនចូលរោងការថា « ក្តីស្រឡាញ់មិនមែនជាការហួងហែង តែជាក្តីស្រឡាញ់គឺការអត់ឱន ជាកន្លែងមានសុវត្ថិភាព ជាការគោរព ជាការបីបាច់ថ្នាក់ថ្នម ជាការព្យាបាល ជាការជ្រោមជ្រែង និងលើកទឹកចិត្ត » ។ ទស្សនិកជនជាច្រើនកំពុងទន្ទឹងរងចាំមើលពិធីមង្គលការដ៏អស្ចារ្យរបស់ពិធីការនី និងជាអតីតបវរកញ្ញាចក្រវាឡល្បីឈ្មោះរូបនេះ ៕






