ពេលវេលាខ្មែរជួយខ្មែរ ! តារាចម្រៀង ព្រាប សុវត្ថិ , ខាន់ ជេមស៌ និង ខេម ប្រកាសចាំទទួលមូលនិធិសប្បរសធម៌ជួយកងទ័ពនិងជនភៀសសឹក 

ពេលវេលាខ្មែរជួយខ្មែរបានមកដល់ហើយ តារាចម្រៀង ព្រាប សុវត្ថិ , ខាន់ ជេមស៌ និងលោកខេម បានប្រកាសចាំទទួលមូលនិធិសប្បរសធម៌ ជួយវីរៈកងទ័ពនិងជនភៀសសឹកចាប់ពីពេលនេះតទៅ ជាពិសេសបើបងប្អូនមានអំបុក កាន់តែប្រសើរ ។ 

ដូចមហាជនបានឃើញស្រាប់ហើយថា ថៃ បានវាយប្រហារមកលើ កម្ពុជា ជាច្រើនថ្ងៃនេះធ្វើឱ្យប៉ះពាល់ខ្លាំងដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅព្រំដែន និងបានភៀសខ្លួនចេញពីតំបន់គ្រោះថ្នាក់មករកទីទួលសុវត្ថិភាព ។ ក្រៅពីជំនួយអង្ករ ចំណីអាហារ និងសម្ភារៈប្រើប្រាស់ផ្សេងៗ ជាមួយគ្នានេះសម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវដល់សប្បុរសជនជួយជាអំបុកល្អជាងជួយជាមីជូនទៅដល់កងទ័ពឬបងប្អូនជនភៀសសឹក ដែលកំពុងជួបការលំបាកនៅព្រំដែន ។

ក្នុងនាមតារាចម្រៀងជួរមុខលោក ព្រាប សុវត្ថិ ក៏មិនបានឈរឱបដៃមើលដែរ លោកព្រមទាំងតារាចម្រៀងជាច្រើននាក់បានខ្នះខ្នែងជួយគ្នាបង្កើតមូលនិធិ ជួយដល់បងប្អូនកងទ័ពជួរមុខ ព្រមទាំង​ជនភៀសសឹកដែលកំពុងរត់ភៀសខ្លួនពីតំបន់គ្រោះថ្នាក់រកទីទួលសុវត្ថិភាព ។

តារាចម្រៀង ព្រាប សុវត្ថិ លោក ខាន់ ជេមស៌ និងលោក ខេម បាននិយាយថា « យើងត្រៀមរង់ចាំទទួលមូលនិធិសប្បរសធម៌ពីបងប្អូនទាំងអស់ចាប់ពីពេលនេះតទៅ មិនថាថវិការ អង្ករ ត្រីសាច់ និងសម្ភារៈប្រើប្រាស់ផ្សេងៗ យើងរងចាំទទួលដោយក្តីរីករាយ។ សូមអរគុណចំពោះការចូលរួមនិងសេចក្តីមេត្តាករុណារបស់បងប្អូនទាំងអស់ » ។ 

លោក ព្រាប សុវត្ថិ លោក ខាន់ ជេមស៌ និងលោក ខេម ថែមទាំងបាននិយាយទៀតថា មូលនិធិនេះបង្កើតឡើងគឺដើម្បីវីរៈកងទ័ព និងបងប្អូនជនភៀសសឹក ថ្វីដ្បិតតែពួកយើងមិនបានឈរនៅសមរភូមិមុខ ប៉ុន្តែក្នុងនាមជាប្រជាពលរដ្ឋនិងជាអ្នកនៅជួរក្រោយ ប្តេជ្ញាចិត្តជួយអស់ពីសមត្ថភាពដែលខ្លួនអាចធ្វើទៅបាន ៕