បន្ថែមពីការងារបរិច្ចាគឈាម នី មុន្នីនាថ ខ្នះខ្នែងស្វែងរកសប្បុរសជនជួយដល់ជនភៀសសឹក នៅលើទឹកដី សៀមរាប !

ស្របពេលដែលចំនួនជនភៀសសឹកកើនឡើងជារៀងរាល់ថ្ងៃសិល្បករនិង Influencer ជាច្រើនបានខ្នះខ្នែងស្វែងរកសប្បុរសជនជួយដល់ជនភៀសសឹកដែលកំពុងរត់ភៀសខ្លួនពីការបាញ់ប្រហាររបស់ សៀម មកលើទឹកដី ខ្មែរ ជាក់ស្តែង​ពេលនេះតារាសម្តែង នី មុន្នីនាថ បានបន្ថែមពីការងារបរិច្ចាគឈាមមកជួយរកជំនួយជាស្បៀងនិងសម្ភារៈផ្សេងៗដើម្បីជួយជនភៀសសឹកនៅលើទឹកដីខេត្ត សៀមរាប ។

តារាសម្តែង នី មុន្នីនាថ បានទៅដល់ទឹកដីខេត្ត សៀមរាប ៤ថ្ងៃហើយដើម្បីផ្សព្វផ្សាយនិងឱ្យសប្បុរសជនចូលរួមបរិច្ចាគឈាមឱ្យបានច្រើន ជួយដល់វីរៈកងទ័ពជួរមុខដែលកំពុងប្រយុទ្ធជាមួយ សៀម ។  នី មុន្នីនាថ ថែមទាំងបាននិយាយថា សម្រាប់ការងារផ្តល់ឈាមនាងនៅតែបន្តធ្វើដូចដើម ប៉ុន្តែពេលនេះដោយមើលឃើញជនភៀសសឹករត់មកខេត្ត សៀមរាប ច្រើន នាងក៏បានសម្រេចបង្កើតជាមូលនិធិ ដើម្បីស្វែងរកជំនួយបន្ថែម ។ អ្វីដែលជនភៀសសឹកនៅខេត្ត សៀមរាប ត្រូវការក្នុងពេលនេះ រួមមានថ្នាំពេទ្យ , ប្រដាប់វាស់កំដៅ , តង់ មុខ ថ្នាំសង្កូវ ស្បៀង និងសម្ភារៈប្រើប្រាស់ផ្សេងៗទាំងមុងភួយ នឹងតង់ជាដើម…។  

នី មុន្នីនាថ ថែមទាំងបានផ្ញើសារទៅកាន់បងប្អូនសប្បុរសជនក៏ដូជា Infuencer ចូលរួមជួយដល់ជនភៀសសឹកនៅក្នុងខេត្ត សៀមរាប ផងពេលនេះពួកគេពិតជាត្រូវការជំនួយជាបន្ទាន់ ចំណែកនាងបានយកជំនួយជួយដល់ពួកគេជាបណ្តើរៗហើយ ប៉ុន្តែចំនួននៅតែមានការខ្វះខាត ។ សប្បុរសជនអាចជួយតាមលទ្ធភាពតិចក្តីច្រើនក្តី ៕