សម្រាប់កម្មវិធី « រាត្រីចងចាំ » លើកទី៦នៅក្នុងឆ្នាំនេះ មិនបានរៀបចំកម្មវិធីសប្បាយៗដូចជារាល់ឆ្នាំនោះទេ ផ្ទុយទៅវិញកម្មវិធីបែរជាបង្វែរទៅជាកម្មវិធីមូលនិធិវប្បធម៌គាំទ្រដល់វីរៈកងទ័ពនិងជនភៀសសឹកវិញ ។

សម្រាប់សិល្បករសិល្បការិនីដែលបានចូលរួមនាកម្មវិធី « រាត្រីចងចាំ » លើកទី៦កាលពីថ្ងៃទី ១៥ ខែ ធ្នូ នៅសាមធម្យវិចិត្រសិល្បៈ កន្លងមកនេះ ម្នាក់ៗបានអំពាវនាវដល់សប្បុរសជនចូលរួមជួយដល់កងទ័ព និងជនភៀសសឹកតាមលទ្ធភាព មិនថាថវិការ ស្បៀង និងសម្ភារៈប្រើប្រាស់ផ្សេងៗដើម្បីជួយដល់កងទ័ព ព្រមទាំងជនភៀសសឹក ដូចបានដឹងស្រាប់ហើយថាពេលនេះចំនួនជនភៀសសឹកបានកើនឡើងច្រើនជារៀងរាល់ថ្ងៃ ក្រោយរត់គេចពីការវាយប្រហាររបស់កងទ័ព សៀម ។
នៅក្នុងឱកាសបើកកម្មវិធី « រាត្រីចងចាំ » នោះផងដែរ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានមានប្រសាសន៍ថា នៅចំពោះមុខស្ថានភាពដ៏លំបាកនេះ ប្រជាពលរដ្ឋខ្មែរគ្រប់រូប ត្រូវរួមកម្លាំងសាមគ្គីជាកម្លាំងតែមួយ និងបន្តគាំទ្រ និងជឿជាក់លើការដឹកនាំរបស់ថ្នាក់ដឹកនាំ ។ ជនណាដែលបំផ្លាញសម្បត្តិបេតិកភណ្ឌដែលចាត់ទុកដូចជាស្នាដៃរបស់អាទិទេព នឹងទទួលរងការចុះនរក៣២ជាន់រហូតដល់ពេលអស់ព្រះចន្ទនិងព្រះអាទិត្យ ។ យើងសង្ឃឹមថាបណ្តាសារទាំងនោះនឹងធ្លាក់ទៅលើជនណាដេលបានបាញ់បំផ្លាញនូវប្រាសាទដែលជាបេតិកភណ្ឌរបស់ជាតិយើង ។ នេះជាមេរៀនប្រវត្តិសាស្រ្តដែលយើងនឹងចារ្យតកូនតចៅ ។
មូលធិនិវប្បធម៌គាំទ្រដល់វីរៈកងទ័ពនិងជនភៀសសឹក នៅតែបន្តទទួលជំនួយពីបងប្អូនសប្បុរសជនទាំងក្នុងនិងក្រៅប្រទេសជារៀងរាល់ថ្ងៃ ដែលមានទីតាំងក្នុងសាលាមធ្យមវិចិត្រសិល្បៈ មិនថាថវិការ ស្បៀង និងសម្ភារៈប្រើប្រាស់ផ្សេងៗ… ៕



