តារាចម្រៀង ព្រាប សុវត្ថិ, ខេម, ខាន់ ជេមស៍ បន្តទទួលស្បៀង និងសម្ភារៈពីបងប្អូនដើម្បីជួយដល់វីរកងទ័ព និងជនភៀសសឹក

ខណៈពេលដែលចំនួនបងប្អូនជនភៀសសឹកកើនឡើងជារៀងរាល់ថ្ងៃ សិល្បករសិល្បការិនីជាច្រើនបានអំពាវនាវដល់សប្បុរសជនចូលរួមបរិច្ចាគថវិការ ស្បៀងនិងសម្ភារៈប្រើប្រាស់ផ្សេងៗឱ្យបានច្រើនដើម្បីជួយដល់ពួកគាត់ដែលកំពុងរងគ្រោះ ជាក់ស្តែងតារាចម្រៀងជួរមុខលោក ព្រាប សុវត្ថិ លោក ខេម និងលោក ខាន់ ជេមស័ នៅតែបន្តទទួលថវិការ ស្បៀង និងសម្ភារៈផ្សេងៗជួយដល់វីរកងទ័ពនិងបងប្អូនជនភៀសសឹក ។

តាមរយៈវិដេអូដែលទស្សនិកជនបានឃើញស្រាប់ កំពូលតារាចម្រៀងលោក ព្រាប សុវត្ថិ នៅតែបន្តទទួលជំនួយពីបសប្បុរសជនតាមទីជិតឆ្ងាយ តិចក្តីច្រើនក្តី ដើម្បីជួយដល់វីរកងទ័ពនិងបងប្អូនជនភៀសសឹកដែលកំពុងរងគ្រោះនៅតាមព្រំដែនដោយសារតែការវាយប្រហាររបស់ទាហាន ថៃ ។

កំពូលតារាចម្រៀង ព្រាប សុវត្ថិ ថែមទាំងបានអំពាវនាវដល់សប្បុរសជនទាំងក្នុងនិងក្រៅប្រទេស ចូលរួមជួយជាថវិការ ស្បៀង និងសម្ភារៈប្រើប្រាស់ផ្សេងៗ ដើម្បីជួយដល់វីរកងទ័ពនិងបងប្អូនជនភៀសសឹកឱ្យច្រើនឡើង ពីព្រោះតម្រូវការនៅតែមានជាហូរហែ ។ តាមរយៈជំនួយរបស់សប្បុរសជនទាំងអស់គឺពិតជាទៅដល់ដៃរបស់វីរកងទ័ពនិងបងប្អូនជនភៀសសឹកយ៉ាងពិតប្រាកដ៕