ថ្មីៗនេះតារាសម្តែងជើងចាស់ ច័ន្ទ តារាទី បានប្រកាសថា ខ្លួននឹងរៀបការជាថ្មីម្តងទៀតនៅថ្ងៃទី ១៧ ខែ មករា ឆ្នាំ ២០២៦ នេះដោយអ្នកនាងកំពុងមមាញឹកនៅក្នុងការដើរចែកធៀបការ ។

នៅពេលដែលឃើញតារាសម្តែង ច័ន្ទ តារាទី ប្រកាសអញ្ជើញមិត្តសិល្បករចូលរួមមង្គលការរបស់ខ្លួន បានធ្វើឱ្យមិត្តភក្តិក៏ដូចជាមហាជនជាច្រើនមានការភ្ញាក់ផ្អើល ជាក់ស្តែងអ្នកស្រី ច័ន្ទ តារាទី ថែមទាំងបាននិយាយថា « ថ្ងៃនេះមកអញ្ជើញអ្នកម៉ែចូលរួមមង្គលការរបស់នាងខ្ញុំផងដែរ » ។ កន្លងមកអ្នកស្រី ច័ន្ទ តារាទី ធ្លាប់បានប្រកាសក្តែងៗថា នឹងមិនរៀបការជាថ្មីម្តងទៀតឡើយ ស៊ូនៅមេម៉ាយចិញ្ចឹមកូនទាំង៣នាក់ល្អ ជាងរៀបការមានគូថ្មី ។
ទោះជាយ៉ាងនេះក្តី មហាជនជាច្រើនគិតថា មង្គលការដែលតារាសម្តែង ច័ន្ទ តារាទី ប្រកាសនឹងរៀបចំនោថ្ងៃទី ១៧ ខែ មករា ឆ្នាំ ២០២៦ ខាងមុខនេះ គឺជា ពិធីមង្គលការកូនអ្នកស្រី មិនមែនជាមង្គលការរបស់អ្នកស្រីឡើយ ជាក់ស្តែងកាលពីបំណាច់ឆ្នាំ ២០២៥ អ្នកស្រីបាននាំកូនៗទៅ ថតរូប Pre Wedding យ៉ាងស្រស់ស្អាត ។
គួរបញ្ជាក់ផងដែរថា តារាសម្តែងជើងចាស់អ្នកស្រី ច័ន្ទ តារាទី បានរស់នៅជាស្រ្តីមេម៉ាយចិញ្ចឹមកូន៣ នាក់យូរឆ្នាំមកហើយ អ្នកស្រីក៏មិនមានបំណងចង់រៀបការថ្មីដែរ ស៊ូប្រកបរបរកស៊ីលក់ផ្អកប្រហុក ចិញ្ចឹមកូនៗ បន្ទាប់ពីការងារសម្តែង ។ កន្លងមកអ្នកស្រី ធ្វើបាននិយាយថា ជីវិតអ្នកស្រីជួបនូវការលំបាកច្រើន ហើយក៏បានតស៊ូពុះពារគ្រប់ឧបសគ្គចិញ្ចឹមកូនដោយមិនខ្លាចហត់ នឿយ ឱ្យតែកូនៗសិក្សាបានខ្ពស់និងមានការងារធ្វើ ។ ដោយសារមួយរយៈនេះការងារសិល្បៈមិនសូវសប្បូរ អ្នកស្រីបានងាកមកពង្រឹងការងាររលក់ដូរ ដូចជាប្រហុកផ្អករបស់ខ្លួនវិញ ដើម្បីសល់លុយខ្លះចិញ្ចឹមជីវិត ៕





