រដ្ឋាភិបាលប្រេស៊ីលបានច្រានចោលសំណើររបស់ក្រសួងការបរទេសសហរដ្ឋអាមេរិក ដើម្បីចាត់តាំងក្រុមឧក្រិដ្ឋជនធំៗចំនួនពីរ ដែលក្រុមមន្ត្រីជឿថាមានសមាជិកនៅក្នុងសហរដ្ឋអាមេរិកជាអង្គការភេរវកម្ម នេះបើតាមលោក ម៉ារីអូ សារូបូ (Mario Sarrubo) លេខាធិការសន្តិសុខសាធារណៈរបស់ប្រទេសប្រេស៊ីលបានបញ្ជាក់កាលពីថ្ងៃពុធ ទី៧ ខែឧសភានេះ។

លោកបាននិយាយថាសំណើនេះត្រូវបានធ្វើឡើងកាលពីថ្ងៃអង្គារក្នុងអំឡុងពេលកិច្ចប្រជុំរវាងលោក ដេវីដ ហ្គាមប៊ល (David Gamble) ដែលដឹកនាំយុទ្ធសាស្ត្រដាក់ទណ្ឌកម្មសម្រាប់ក្រសួងការបរទេសសហរដ្ឋអាមេរិក មន្ត្រីប្រាំមួយនាក់ផ្សេងទៀតមកពីរដ្ឋបាលរបស់ប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump) និងមន្ត្រីប្រេស៊ីលប្រាំបីនាក់នៅទីក្រុង Brasilia ។
លោក ហ្គាមប៊ល មានការព្រួយបារម្ភអំពីក្រុមក្មេងទំនើង Primeiro Comando da Capital ដែលគេស្គាល់ថាជា PCC និងក្រុម Comando Vermelho ដែលគេស្គាល់ថាជា CV ដែលគ្រប់គ្រងទឹកដីនៅក្នុងទីក្រុងជាច្រើនរបស់ប្រទេសប្រេស៊ីល។
យ៉ាងណាម៉ិញ លោក ត្រាំ បាននិងកំពុងព្យាយាមបង្រ្កាបយ៉ាងចាស់ដៃលើការធ្វើអន្តោប្រវេសន៍ទៅនឹងវត្តមានរបស់សមាជិកនៃក្រុមឧក្រិដ្ឋជនអាមេរិកឡាទីននៅក្នុងទីក្រុងនានារបស់សហរដ្ឋអាមេរិក។ កាលពីដើមឆ្នាំនេះ រដ្ឋាភិបាលសហរដ្ឋអាមេរិកបានចាត់តាំងក្រុមជួញដូរគ្រឿងញៀនជាច្រើនជាអង្គការភេរវករ រួមទាំងក្រុម Tren de Aragua របស់វេណេស៊ុយអេឡា និងក្រុម MS13 របស់ El Salvador ផងដែរ៕
ដោយ៖ ចិន្តា ទីទិ


