ប៉ាគីស្ថាន គោរពបទឈប់បាញ់ជាមួយឥណ្ឌា ប៉ុន្តែប្តេជ្ញាឆ្លើយតបនឹងការឈ្លានពាន

ប៉ាគីស្ថាននៅតែប្តេជ្ញាអនុវត្តន៍បទឈប់បាញ់ជាមួយឥណ្ឌា ដែលបានព្រមព្រៀងគ្នាបន្ទាប់ពីការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លារយៈពេលបួនថ្ងៃកាលពីសប្តាហ៍មុន ប៉ុន្តែបានប្តេជ្ញាថានឹងឆ្លើយតបទៅនឹងការឈ្លានពាននាពេលអនាគតដោយទីក្រុងញូវដែលី។ នេះបើយោងតាមផ្សាយចេញពីអង្គភាពរ៉យទ័រនៅថ្ងៃទី១៤ ខែឧសភានេះ។

ការអត្ថាធិប្បាយពីទីក្រុង Islamabad បានធ្វើឡើងក្នុងការឆ្លើយតបទៅនឹងសុន្ទរកថារបស់ នាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារែនដ្រា ម៉ូឌី (Narendra Modi) កាលពីថ្ងៃចន្ទ ដែលក្នុងនោះលោកបានព្រមានប៉ាគីស្ថានថាទីក្រុង New Delhi នឹងកំណត់គោលដៅកន្លែងលាក់ខ្លួនភេរវករឆ្លងព្រំដែនម្តងទៀត ប្រសិនបើមានការវាយប្រហារថ្មីលើប្រទេសឥណ្ឌា ដោយគំរាមប្រើប្រាស់អាវុធនុយក្លេអ៊ែរ។

ប្រទេសជិតខាងអាស៊ីខាងត្បូងប្រដាប់ដោយអាវុធនុយក្លេអ៊ែរបានបាញ់មីស៊ីល និងយន្តហោះគ្មានមនុស្សបើកសំដៅលើទីតាំងយោធារបស់គ្នាទៅវិញទៅមក បន្ទាប់ពីឥណ្ឌា បានវាយប្រហារទីតាំង «ហេដ្ឋារចនាសម្ព័ន្ធភេរវករ» នៅក្នុងប្រទេសប៉ាគីស្ថាន និងប៉ាគីស្ថាន Kashmir កាលពីថ្ងៃពុធ ជាការសងសឹកចំពោះការវាយប្រហារលើអ្នកទេសចរហិណ្ឌូនៅតំបន់កាស្មៀរឥណ្ឌា ដែលបានសម្លាប់បុរស ២៦នាក់ ។

ដោយឡែក ប៉ាគីស្ថានថាគោលដៅទាំងនោះសុទ្ធតែជាជនស៊ីវិល ហើយបដិសេធការចោទប្រកាន់របស់ឥណ្ឌាថា ខ្លួននៅពីក្រោយការវាយប្រហារនៅតំបន់កាស្មៀរ។

គូសបញ្ជាក់ថា ប៉ាគីស្ថានមានចំនួនអ្នកស្លាប់នៅក្នុងការវាយប្រហារនោះមានជនស៊ីវិល ៤០នាក់ និងកងកម្លាំងប្រដាប់អាវុធរបស់ខ្លួនចំនួន ១១ នាក់ ។ ចំណែកប្រទេសឥណ្ឌា មានយ៉ាងហោចណាស់មានយោធា ៥ នាក់ និងជនស៊ីវិល ១៦ នាក់បានស្លាប់៕

ដោយ៖ ចិន្តា ទីទិ