ក្រោយពីត្រឡប់មកដល់ប្រទេសកម្ពុជាវិញបន្ទាប់ពីចរចារការឈប់បាញ់ជាបន្ទាន់ រវាងកងទ័ពកម្ពុជានិងកងទ័ពថៃដោយជោគជ័យនៅប្រទេសម៉ាឡេស៊ី សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីបានទទួលទូរសព្ទពីឯកឧត្តម Donald Trump ប្រធានាធិបតីសហរដ្ឋអាមេរិក ដោយឯកឧត្តមទាក់ទងមកផ្ទាល់ ដើម្បីអបអរសាទរនូវជោគជ័យនៃកិច្ចចរចារបញ្ចប់ការឈប់បាញ់គ្នាភ្លាមរវាងនាយករដ្ឋមន្ត្រីកម្ពុជានិងនាយករដ្ឋមន្ត្រីថៃកាលពីល្ងាចម្សិលមិញ។ ឯកឧត្តមចាត់ទុកកិច្ចការនេះជាកិច្ចការសំខាន់ហើយដែលឯកឧត្តមតាមដានដោយផ្ទាល់។

សម្តេចធិបតី ហ៊ុន ម៉ាណែត លើបណ្តាញសង្គមផ្ទាល់ខ្លួនបានសម្ដែងការអរគុណសារជាថ្មីចំពោះប្រធានាធិបតី Donald Trump ដែលបានផ្ដួចផ្ដើមនិងជំរុញឲ្យមានការចរចារការឈប់បាញ់ឲ្យបានឆាប់រហ័ស និងឲ្យគោលការណ៍សហរដ្ឋអាមេរិកធ្វើជាសហអ្នករៀបចំកិច្ចប្រជុំពិសេសនៅប្រទេសម៉ាឡេស៊ី។
បើតាមសម្តេចាថិបតី ប្រធានាធិបតី ត្រាំយល់ថា ដើម្បីឲ្យកិច្ចព្រមព្រៀងនេះអាចអនុវត្តទៅដោយពេញលេញ និងមាននិរន្តរភាព ចាំបាច់ត្រូវមានយន្តការតាមដាន និងត្រួតពិនិត្យការអនុវត្តរបស់ភាគីពាក់ព័ន្ធឱ្យបានច្បាស់លាស់ ដែលនេះក៏ជាចំណុចឯកភាពគ្នាមួយនៅក្នុងកិច្ចប្រជុំពិសេសផងដែរ។
ក្នុងន័យនេះ ឯកឧត្តមប្រធានាធិបតីបានឯកភាពឲ្យសហរដ្ឋអាមេរិកចូលរួមក្នុងដំណើរការត្រួតពិនិត្យការអនុវត្តកិច្ចព្រមព្រៀងបញ្ចប់ការឈប់បាញ់គ្នា និងបន្តសហការជាមួយយន្តការដែលរៀបចំដោយម៉ាឡេស៊ី ដើម្បីត្រួតពិនិត្យឲ្យបានជោគជ័យ។
សម្តេចនាយករដ្ឋមន្រ្តីបញ្ជាក់បន្ថែមថា ឯកឧត្តមប្រធានាធិបតី Donald Trump ចាត់ទុកថាកិច្ចការងារនេះជាកិច្ចការពិសេសសំខាន់ដែលឯកឧត្តមចង់ឃើញនូវសន្តិភាពមួយដែលមានជាអចិន្ត្រៃយ៍រវាងប្រទេសទាំងពីរ។
