អនុប្រធានាធិបតីអាមេរិក៖ កិច្ចព្រមព្រៀងសន្តិភាពរវាងរុស្សុី-អ៊ុយក្រែន នឹងមិនអាចធ្វើឱ្យមនុស្សគ្រប់គ្នាសប្បាយរីករាយនោះទេ

លោក JD Vance អនុប្រធានាធិបតីអាមេរិក បានបង្ហើបថា ការផ្សះផ្យាជម្លោះតាមរយៈកិច្ចចរចារវាងរុស្ស៉ី និងអ៊ុយក្រែន ទំនងជានឹងមិនអាចផ្គាប់ចិត្តភាគីណាមួយបាននោះទេ នឹងថាកិច្ចព្រមព្រៀងសន្តិភាពណាមួយអាចនឹងធ្វើឱ្យទាំងទីក្រុងមូស្គូ និងទីក្រុងកៀវ សុទ្ធតែមិនសប្បាយចិត្ត។ 

នៅក្នុងបទសម្ភាសន៍ជាមួយកម្មវិធី Sunday Morning Futures with Maria Bartiromo នៃទូរទស្សន៍ Fox News កាលពីថ្ងៃអាទិត្យ ទី១០ ខែសីហា លោក JD Vance បានថ្លែងគូសបញ្ជាក់ដូច្នេះថា «កិច្ចព្រមព្រៀងសន្តិភាពនឹងមិនអាចធ្វើឱ្យមនុស្សគ្រប់គ្នាសប្បាយរីករាយនោះទេ។ ទាំងរុស្ស៉ី និងអ៊ុយក្រែនប្រហែលជានៅទីបញ្ចប់ទៅ អាចនឹងមិនសប្បាយចិត្តចំពោះកិច្ចព្រមព្រៀង»។ 

លោក JD Vance សង្កត់ធ្ងន់ថា សហរដ្ឋអាមេរិកមានគោលបំណងស្វែងរកការផ្សះផ្សាមួយដែលអាចឱ្យរុស្ស៉ី និងអ៊ុយក្រែនអាចទទួលយកបាន។ 

កាលពីថ្ងៃសុក្រ ទី៨ ខែសីហា ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បាននិយាយថា រូបលោកនឹងជួបជាមួយ ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន នៅថ្ងៃទី១៥ ខែសីហា ក្នុងរដ្ឋ Alaska របស់សហរដ្ឋអាមេរិក។ លោក ត្រាំ ថែមទាំងអះអាងថារុស្ស៉ី និងអ៊ុយក្រែនខិតជិតដល់កិច្ចព្រមព្រៀងបទឈប់បាញ់មួយដែលអាចបិទបញ្ចប់សង្រ្គាមចាយពេលជាង ៣ឆ្នាំកន្លះមកនេះ ជាមួយលទ្ធភាពតម្រូវឱ្យអ៊ុយក្រែនបោះបង់ចោលទឹកដីរបស់ខ្លួនមួយចំនួន។ ក៏ប៉ុន្តែប្រធានាធិបតីអ៊ុយក្រែន បាននិយាយថា អ៊ុយក្រែនមិនអាចបំពានលើរដ្ឋធម្មនុញ្ញរបស់ខ្លួន បានឡើយពាក់ព័ន្ធនឹងបញ្ហាទឹកដី ជាមួយការសង្កត់ធ្ងន់ថា ប្រជាជនអ៊ុយក្រែននឹងមិនកាត់ទឹកដីជាអំណោយឱ្យជនឈ្លានពាននោះទេ។

លោក JD Vance បាននិយាយថា សហរដ្ឋអាមេរិកកំពុងធ្វើការលើការរៀបចំកាលវិភាគនៃកិច្ចចរចារវាងលោក ពូទីន លោក ហ្សេលេនស្គី និងលោក ត្រាំ។ យ៉ាងណាអនុប្រធានាធិបតីអាមេរិករូបនេះយល់ថា វានឹងមិនអំណោយផលសម្រាប់លោក ពូទីន នោះទេ ក្នុងការជួបលោក ហ្សេលេនស្គី មុននឹងជួបលោក ត្រាំ៕