ក្រោយមានផ្ទុះបាតុកម្មក្លាយជាអំពើហិង្សាមិនធ្លាប់មានប្រឆាំងនឹងអំពើពុករលួយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៧២ នាក់ និងរងរបួសរាប់រយនាក់ ពេលនេះ ប្រទេសនេប៉ាល់ រកបាននាយករដ្ឋមន្ត្រីថ្មីរបស់ខ្លួនហើយ ជាមួយសារអំពាវនាវឱ្យមានភាពស្ងប់ស្ងាត់ ហើយបានជំរុញឱ្យប្រជាពលរដ្ឋរបស់ខ្លួនរួបរួមគ្នាដើម្បីកសាងប្រទេសឡើងវិញ។ នេះបើតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃចន្ទ ទី១៥ ខែកញ្ញា។
លោកស្រី ស៊ូស៊ីឡា កាគី នាយករដ្ឋមន្ត្រីថ្មីរបស់នេប៉ាល់ បានថ្លែងនៅក្នុងសុន្ទរកថាជាសាធារណៈលើកដំបូងរបស់ខ្លួនកាលពីថ្ងៃអាទិត្យថា ប្រទេសនេះត្រូវតែស្តាប់ពលរដ្ឋវ័យក្មេងរបស់ខ្លួន។ ក្នុងន័យនេះ លោកស្រីសំដៅទៅលើក្រុមបាតុករប្រឆាំងអំពើពុករលួយថា យើងត្រូវតែធ្វើការស្របតាមការគិតរបស់យុវជនជំនាន់ Gen Z ។
អតីតប្រធានតុលាការកំពូលវ័យ ៧៣ឆ្នាំរូបនេះបានកត់សម្គាល់ថា «អ្វីដែលក្រុមនេះ កំពុងទាមទារគឺការលុបបំបាត់អំពើពុករលួយ អភិបាលកិច្ចល្អ និងសមភាពសេដ្ឋកិច្ច»។លោកស្រី កាគី បានបន្ថែមថា លោកស្រីមិនបានប្រាថ្នាចង់ធ្វើជាអ្នកដឹកនាំប្រទេសនេះទេ ប៉ុន្តែឈ្មោះរបស់លោកស្រីត្រូវបានលើកឡើងដោយក្រុមយុវជន៕
