មិនចប់សង្រ្គាមទេ! រុស្ស៉ីបន្តការវាយប្រហារទ្រង់ទ្រាយធំលើទីក្រុងកៀវ 

នៅថ្ងៃសុក្រ ទី១០ ខែតុលា រុស្ស៉ីបានបន្តការវាយប្រហារទ្រង់ទ្រាយធំមួយលើទីក្រុងកៀវ បានបណ្ដាលឱ្យអគារស្នាក់នៅមួយឆាបឆេះ ខណៈការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពល បានបណ្ដាលឱ្យដាច់ចរន្តអគ្គិសនីនៅតាមផ្នែកជាច្រើននៃទីក្រុង។ 

តាមចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters បានដកស្រង់សម្តី អភិបាលទីក្រុងកៀវ លោក Vitali Klitschko បាននិយាយថា មនុស្ស ៩នាក់ក៏បានរងរបួសផងដែរ ក្នុងនោះមាន ៥នាក់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ។ លោកបន្តថា ការវាយប្រហាររបស់រុស្ស៉ីបានធ្វើឱ្យដាច់ចរន្តអគ្គិសនី និងការផ្គត់ផ្គង់ទឹកនៅតាមស្រុកជាច្រើនស្ថិតនៅតាមបណ្ដោយច្រាំងទន្លេ Dnipro។ 

ជាមួយគ្នានេះ រូបភាពដែលត្រូវបានបង្ហោះ លើបណ្តាញសង្គម បានបង្ហាញពីអគារស្នាក់នៅមួយត្រូវអគ្គិភ័យឆាបឆេះ ខណៈកម្ទេចកម្ទីដ្រូនដែលត្រូវបានអ៊ុយក្រែនបាញ់ទម្លាក់បានធ្លាក់លើផ្នែកជាច្រើននៃទីក្រុងកៀវ។

តាមរយៈការចុះផ្សាយពីសារព័ត៌មាននានា បានឲ្យដឹងថា កងកម្លាំងរុស្ស៉ី បានផ្តោតលើការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពលអ៊ុយក្រែនក្នុងពេលប៉ុន្មានសប្ដាហ៍ថ្មីៗនេះ ខណៈរដូវរងាកាន់តែខិតជិតចូលមកដល់។ ប៉ុន្តែ ព្រមពេលជាមួយគ្នា អ៊ុយក្រែនក៏បានបើកការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពលរុស្ស៉ីវិញដែរ៕