ទាហានភូមា បង្ក្រាបទីតាំងមជ្ឈមណ្ឌលឆបោកតាមអ៊ីនធើណិតដ៏ធំមួយឃាត់ខ្លួនមនុស្សជាង ២,០០០ នាក់

កាលពីថ្ងៃទី២០ ខែតុលា កងទ័ពភូមា បានធ្វើការចុះបង្ក្រាបទីតាំងមជ្ឈមណ្ឌលឆបោកតាមអ៊ីនធើណិតដ៏ធំមួយកន្លែងឈ្មោះ KK Park ដែលស្ថិតនៅក្បែរព្រំដែនថៃ ដោយបានឃាត់ខ្លួនមនុស្សជាង ២,០០០ នាក់ និងរឹបអូសយកឧបករណ៍អ៊ីនធឺណិត Starlink ចំនួន ៣០គ្រឿង។

បើយោងតាមប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋាភិបាលភូមា ប្រតិបត្តិការនេះ បានចាប់ផ្ដើមតាំងពីដើមខែកញ្ញា ដើម្បីទប់ស្កាត់សកម្មភាពបោកប្រាស់តាមអ៊ីនធឺណិត ល្បែងស៊ីសងខុសច្បាប់ និងបទល្មើសឆ្លងដែន ។

ទីតាំងមជ្ឈមណ្ឌល KK Park ត្រូវបានគេដឹងថាមានទីតាំងនៅតំបន់ម្យ៉ាវ៉ាត់ឌី (Myawaddy) គឺជាទីកន្លែងដែលជនរងគ្រោះត្រូវគេបង្ខំឱ្យចូលរួមប្រព្រឹត្តអំពើឆបោកតាមអ៊ីនធើណិត ក្រោយចាញ់ល្បួងថាទទួលបានការងារល្អៗ និងឱកាសផ្សេងៗ ហើយក្រុមឧក្រិដ្ឋក៏បញ្ជូនជនរងគ្រោះតាមរយៈប្រទេសថៃ ដែលជាច្រកកណ្ដាលសម្រាប់ជួញដូរជនរងគ្រោះមកពីបណ្ដាប្រទេសផ្សេងៗ មុននឹងបន្តបញ្ជូនទៅកាន់ទីតាំងផ្សេងទៀត ។

ជុំវិញប្រតិបត្តិការនេះ យោធាភូមា បានអះអាងថា សហភាពជាតិការ៉ែន (KNU) ដែលជាក្រុមប្រដាប់អាវុធជនជាតិភាគតិច មានជាប់ពាក់ព័ន្ធនឹងការឆបោកទាំងអម្បាលម៉ាន ខណៈក្រុមនេះបានបដិសេធ ។

សូមជម្រាបថា ប្រទេសភូមាបានប្រឈមមុខនឹងសម្ពាធជាសកលដើម្បីបញ្ឈប់មជ្ឈមណ្ឌលបទល្មើសតាមអ៊ីនធឺណិតបែបនេះ ដែលបាននិងកំពុងបោកប្រាស់ជនរងគ្រោះជាច្រើនមកពីជុំវិញពិភពលោក ហើយជារឿយៗបានប្រើប្រាស់ឧបករណ៍ Starlink របស់មហាសេដ្ឋី អីលុន ម៉ាស់ ដែលលួចនាំចូលដោយខុសច្បាប់ចូលមកក្នុងប្រទេសភូមា ដើម្បីអាចតភ្ជាប់អ៊ីនធឺណិតនៅក្នុងមណ្ឌលបោកប្រាស់៕