មេដឹកនាំចិន ប្រាប់លោក ត្រាំ រួមដៃគ្នាដោះស្រាយបញ្ហាក្នុងតំបន់ និង ការចរចារសន្តិភាព បញ្ចប់សង្រ្គាមដែលកំពុងកើតមាន

នៅចំពោះមុខប្រធានាធិបតី ដូណាល់ ត្រាំ ប្រធានាធិបតី ស៊ី ជីនពីង បានគូសបញ្ជាក់ថា ប្រទេសចិន និងសហរដ្ឋអាមេរិកអាចរួមដៃគ្នាទទួលខុសត្រូវក្នុងនាមជាប្រទេសធំៗ ហើយធ្វើការរួមគ្នាដើម្បីសម្រេចបាននូវអ្វីដែលអស្ចារ្យ ជាក់ស្តែង និងល្អជាងនេះ។ នេះបើតាមអ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Mao Ning បានឲ្យដឹងលើបណ្តាញសង្គមនៅថ្ងៃទី៣០ ខែតុលា ក្រោយជំនួបមេដឹកនាំទាំងពីរ។

សម្តីនិយាយដោយសង្កត់ធ្ងន់របស់លោក ស៊ី គឺចង់សំដៅដល់តួនាទីដ៏សំខាន់របស់ចិន និងអាមេរិកក្នុងការធានាដោះស្រាយបញ្ហាក្នុងតំបន់ ពិសេស ការចរចារសន្តិភាពដើម្បីបញ្ចប់សង្រ្គាមដែលកំពុងកើតមាន។

ជំនួបក្នុងប្រទេសកូរ៉េខាងត្បូងជាលើកដំបូង ក្រោយខកខានអស់ពេល ៦ឆ្នាំ ទីដែលមេដឹកនាំទាំងពីរចូលរួមកិច្ចប្រជុំកំពូលពាណិជ្ជកម្ម នៅថ្ងៃទី៣០ ខែតុលានេះ លោក​ ស៊ី បាន​កត់​សម្គាល់​ថា​ ប្រធានាធិបតី ត្រាំ មាន​ការសាទរយ៉ាង​ខ្លាំង​ក្នុង​ការ​ដោះស្រាយ​បញ្ហា​សំខាន់ៗ​ក្នុង​តំបន់។ ចិន​ក៏​បាន​និង​កំពុង​ជំរុញ​ការ​ចរចា​សន្តិភាព​ដើម្បី​ដោះស្រាយ​បញ្ហា​ចំណុច​ក្តៅ​ផ្សេងៗ។ 

លោកបាននិយាយថា ពិភពលោកសព្វថ្ងៃនេះកំពុងប្រឈមមុខនឹងបញ្ហាដ៏លំបាកជាច្រើន។ ប្រទេសចិន និងសហរដ្ឋអាមេរិកអាចរួមគ្នាទទួលខុសត្រូវរបស់យើងក្នុងនាមជាប្រទេសធំៗ ហើយធ្វើការរួមគ្នាដើម្បីសម្រេចបាននូវអ្វីដែលអស្ចារ្យ និងជាក់ស្តែងបន្ថែមទៀតសម្រាប់ជាប្រយោជន៍នៃប្រទេសទាំងពីររបស់យើង និងពិភពលោកទាំងមូល៕