ចំនួនអ្នកស្លាប់នៅវៀតណាមកើនឡើងដល់ ១៣នាក់ និង ១១នាក់ផ្សេងទៀតបាត់ខ្លួនដោយសារទឹកជំនន់

រដ្ឋាភិបាលវៀតណាម បាននិយាយនៅថ្ងៃសុក្រនេះថា ចំនួនអ្នកស្លាប់ដោយសារទឹកជំនន់ដ៏ខ្លាំងនៅភាគកណ្តាលប្រទេសបានកើនឡើងដល់ ១៣នាក់ បង្កឡើងដោយកម្រិតទឹកភ្លៀងក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ខណៈអតីតរាជធានី Hue និង Hoi An បានទទួលរងគ្រោះយ៉ាងធ្ងន់ធ្ងរបំផុត។ នេះបើតាមសារព័ត៌មាន Reuters ចេញផ្សាយ។

វៀតណាម​ងាយ​នឹង​មាន​ខ្យល់ព្យុះ​បោកបក់​ជា​ញឹក​ញាប់ និង​ទឹក​ជំនន់​ ជាពិសេស​ក្នុង​រដូវ​ខ្យល់​ព្យុះ​ចាប់​ពី​ខែ​មិថុនា ដល់​ខែ​តុលា។ បើតាមអាជ្ញាធរក្នុងតំបន់ អ្នកទេសចរភាគច្រើនបានលុបចោលការកក់សណ្ឋាគារសម្រាប់ការស្នាក់នៅទីក្រុង Hoi An ដែលកាលពីឆ្នាំមុនទទួលបានភ្ញៀវទេសចរជាង ៤.៤ លាននាក់ ក្នុងនោះមានអ្នកទេសចរបរទេសជិត ៣.៦លាននាក់។

អ្នកស្រី Nguyen Thi Thuy អ្នកគ្រប់គ្រងសណ្ឋាគារ ដែលសណ្ឋាគាររបស់អ្នកស្រីត្រូវបានបិទតាំងពីថ្ងៃចន្ទ បាននិយាយថា “ទឹកជំនន់បានកើនឡើងលឿនពេក ដែលបណ្តាលឱ្យខូចខាតទ្រព្យសម្បត្តិជាច្រើន” ។

ទីភ្នាក់ងារគ្រោះមហន្តរាយរបស់រដ្ឋាភិបាលបាននិយាយនៅក្នុងរបាយការណ៍មួយថា ទឹកជំនន់បានធ្វើឱ្យមនុស្ស ១១នាក់បាត់ខ្លួន លិចផ្ទះជាង ១១៦,០០០ខ្នង និងដំណាំចំនួន ៥,០០០ ហិកតា និងខូចខាតផ្លូវថ្នល់ និងផ្លូវដែក ព្រមទាំងកាត់ផ្តាច់ចរាចរណ៍ និងថាមពលនៅក្នុងតំបន់មួយចំនួន។

យោងតាមរបាយការណ៍បានឱ្យដឹងថា ភ្លៀងធ្លាក់ខ្លាំងត្រូវបានគេព្យាករណ៍ថានឹងបន្តនៅភាគកណ្តាលប្រទេសវៀតណាម ជាមួយនឹងភ្លៀងធ្លាក់ជារៀងរាល់ថ្ងៃលើសពី ៥០០ មីលីម៉ែត្រនៅក្នុងតំបន់មួយចំនួនចាប់ពីព្រឹកថ្ងៃសុក្ររហូតដល់ថ្ងៃសៅរ៍៕