នៅក្នុងអំឡុងកិច្ចប្រជុំនៅទីក្រុងប៉េកាំង ជាមួយលោក ស៊ី ជីនពីង, ប្រធានាធិបតីបារាំង លោក អ៊ែមម៉ានូអ៊ែល ម៉ាក្រុង បានជំរុញឱ្យប្រទេសចិនជួយបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន និងកាត់បន្ថយភាពមិនស្មើគ្នានៃពាណិជ្ជកម្មជាមួយអឺរ៉ុប។ ជាការឆ្លើយតបលោក ស៊ី ក្តៅស្លឹកត្រចៀកប្រកាសប្រឆាំងគំនិតចង់ទម្លាក់ទំនួលខុសត្រូវលើចិនក្នុងវិបត្តិអ៊ុយក្រែន។
លោក ម៉ាក្រុង ស្ថិតនៅក្នុងដំណើរបំពេញទស្សនកិច្ចនៅប្រទេសចិនរយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៥ ខែធ្នូ ដែលលោកបានទទួលនូវការស្វាគមន៍ដោយប្រធានាធិបតីចិន លោក ស៊ី ជីនពីង ជាមួយនឹងពិធីដ៏មហោឡារិកនៅក្នុងរដ្ឋធានីប៉េកាំង។ ភាគីទាំងពីរ បានបើកកិច្ចពិភាក្សាដែលផ្តោតលើសង្រ្គាមនៅអ៊ុយក្រែន ស្ថិរភាពក្នុងតំបន់ និងការពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងប្រជាជាតិទាំងពីរ។ នេះបើយោងតាមសារព័ត៌មាន Reuters។
ដំណើរទស្សនកិច្ចចុងឆ្នាំ២០២៥នេះ លោក ម៉ាក្រុង បានដឹកនាំគណៈប្រតិភូធុរកិច្ចដ៏ធំមួយទៅជាមួយ ដោយសង្ឃឹមថានឹងពង្រឹងចំណងពាណិជ្ជកម្ម ផ្ទុយពីសហភាពអឺរ៉ុបដែលត្រៀមដាក់ចេញនូវច្បាប់ពាណិជ្ជកម្មតឹងរ៉ឹងបន្ថែមទៀត លើប្រទេសចិន និងប្រទេសផ្សេងទៀត។
លោកបានលើកឡើងថា ទីក្រុងប៉េកាំងនៅតែជាដៃគូសេដ្ឋកិច្ចដ៏សំខាន់មួយ។ ទន្ទឹមគ្នានេះលោកបានជំរុញឱ្យប្រទេសចិនជួយបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន និងកាត់បន្ថយភាពមិនស្មើគ្នានៃពាណិជ្ជកម្មជាមួយអឺរ៉ុប។ ប៉ុន្តែជាចម្លើយតប លោកប្រធានាធិបតីចិន ស៊ីជីនពីង បានបដិសេធយ៉ាងដាច់អហង្ការ គំនិតចង់ទម្លាក់ទំនួលខុសត្រូវលើចិន ក្នុងវិបត្តិអ៊ុយក្រែន។
ចំពោះមុខមេដឹកនាំបារាំង លោកស៊ីជីនពីង បានធានាថាចិននឹងសហការជាមួយបារាំង ដើម្បីបញ្ចៀសការប៉ុនប៉ងជ្រៀតជ្រែកណាមួយ និងដើម្បីធ្វើឱ្យភាពជាដៃគូយុទ្ធសាស្ត្របារាំង-ចិន មានវឌ្ឍនភាពប្រកបដោយសមភាពល្អ។ ប៉ុន្តែក្នុងសំណុំរឿងអ៊ុយក្រែនវិញ លោកប្រកាសគាំទ្ររាល់កិច្ចខិតខំប្រឹងប្រែងដើម្បីសន្តិភាព ហើយបន្តដើរតួនាទីបែបស្ថាបនាក្នុងការស្វែងរកដំណោះស្រាយ តែប្រឆាំងដាច់ខាតនឹងការប៉ុនប៉ងទម្លាក់ទំនួលខុសត្រូវលើនរណាម្នាក់ ក្នុងវិបត្តិអ៊ុយក្រែន៕

