ចិន ពេញចិត្តការបន្តអនុវត្តបទឈប់បាញ់រវាងកម្ពុជា និងថៃ

អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Guo Jiakun បានលើកឡើងថា ចិនពេញចិត្តចំពោះការបន្តអនុវត្តបទឈប់បាញ់រវាងកម្ពុជា និងថៃ និងការវិលត្រឡប់របស់ទាហានកម្ពុជាទាំង ១៨នាក់មកវិញដោយសុវត្ថិភាព ដែលទាហានថៃចាប់ដោយខុសច្បាប់អស់រយៈពេល ១៥១ថ្ងៃ។

តាមរយៈបណ្តាញសង្គមកាលពីថ្ងៃទី៥ ខែមករាម្សិលមិញ លោក Guo Jiakun បាននិយាយថា «យើងសង្ឃឹមថា កម្ពុជា និងថៃនឹងបន្តសម្លឹងឆ្ពោះទៅមុខ បង្កើនកិច្ចសន្ទនា និងការប្រាស្រ័យទាក់ទងគ្នា ធានាបាននូវបទឈប់បាញ់ពេញលេញ យូរអង្វែង និងកសាងទំនុកចិត្តឡើងវិញ ព្រមទាំងកែលម្អទំនាក់ទំនងជាបណ្តើរៗ។ 

បើតាមអ្នកនាំពាក្យក្រសួងការបរទេសចិន ការបន្តអនុវត្តបទឈប់បាញ់ និងកសាងទំនុកចិត្តឡើងវិញបានបម្រើផលប្រយោជន៍ជាមូលដ្ឋាន និងយូរអង្វែងរបស់ប្រជាជនកម្ពុជា និងថៃ ហើយវាក៏ជាអ្វីដែលសហគមន៍អន្តរជាតិសង្ឃឹមថានឹងចង់ឃើញផងដែរ។

គួរឲ្យដឹងថា កម្ពុជា-ថៃ ឯកភាពមានបទឈប់បាញ់បន្ទាន់ ត្រឹមម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ក្រោយប្រយុទ្ធគ្នា ២១ថ្ងៃ។ ក្រោយបទឈប់បាញ់ចូលជាធរមាន និងមានការអនុវត្តបានពេញលេញ ក្នុងរយៈពេល៧២ម៉ោង ភាគីថៃ នឹងដោះលែងវីរកងទ័ពកម្ពុជា១៨រូបវិញ បន្ទាប់ពីត្រូវបានចាប់ខ្លួន រយៈពេល ១៥១ ថ្ងៃ មកហើយនោះ។ ប៉ុន្តែភាគីថៃបានបន្តអូសពេលមួយថ្ងៃទៀត ទើបបានប្រគល់កងទ័ពទាំង ១៨រូបមកវិញតាមច្រកព្រំដែនខេត្តប៉ៃលិន។