សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ឱ្យភាគីពាក់ព័ន្ធរក​លទ្ធភាព​ជួយសម្រា​ល​​​បន្ទុក​ចំណាយថ្លៃធ្វើដំណើរ​របស់កម្មករនិយោ​ជិត អំឡុងពេល​តម្លៃ​ប្រេងឥន្ធនៈកើនឡើង

នៅលើបណ្តាញសង្គមនៅយប់ ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦នេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានណែនាំឱ្យ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាល​វិជ្ជាជីវៈ រៀបចំកិច្ចប្រជុំជាមួយតំណាងភាគីនិយោជក និងភាគី​សហជីព ដែលតំណាងកម្មករនិយោជិត ពិនិត្យពិភាក្សា​ស្វែងរកលទ្ធភាពជួយសម្រាល​បន្ទុកចំណាយថ្លៃធ្វើដំណើរ​របស់កម្មករនិយោជិត នៅក្នុងរយៈពេលអន្តរកាលនេះឱ្យបានឆាប់បំផុត ដើម្បីពិនិត្យដោះស្រាយផលវិបាកដែលកើត​ចេញពីការកើនឡើងតម្លៃ​ប្រេងឥន្ធនៈជាសកលនាពេលថ្មីៗនេះ។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត សង្ឃឹមថាភាគីនិយោជក និងភាគីសហជីព នឹងអាចរកបាននូវចំណុចប្រសព្វសមរម្យមួយ ដែល​អាច​ជួយសម្រាលបន្ទុកថ្លៃធ្វើដំណើររបស់កម្មករផង និងអាចរក្សាបាននូវភាពប្រកួតប្រជែងនៃឧស្សាហកម្មរបស់កម្ពុជាផង។

គួរបញ្ជាក់ថា សង្គ្រាមរបស់សហរដ្ឋអាមេរិក-អ៊ីស្រាអែលលើអ៊ីរ៉ង់ បានធ្វើឱ្យប៉ះពាល់ដល់ការផ្គត់ផ្គង់ ប្រេងឥន្ធនៈនៅទូទាំងពិភពលោក ។ បើតាម ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានឱ្យដឹងថា ប្រទេសកម្ពុជា កំពុងជំរុញការនាំចូលបន្ថែមពីក្រុមហ៊ុនផ្គត់ផ្គង់ នៅក្នុងប្រទេសសិង្ហបុរី និងម៉ាឡេស៊ី ដើម្បីបំពេញបន្ថែមការខ្វះខាតការផ្គត់ផ្គង់ពីវៀតណាម និងចិន ។

ឯកឧត្តម បានបញ្ជាក់ថា កម្ពុជានៅតែអាចនាំចូលប្រេងឥន្ធនៈក្នុងបរិមាណតិចតួចពីប្រទេសចិន។ ប៉ុន្តែដោយសារតែមានភាពជាដៃគូរឹងមាំជាមួយក្រុមផ្គត់ផ្គង់សកល Total និង Chevron ដូច្នេះអាចកាត់បន្ថយហានិភ័យមួយចំនួន៕

5
Promotion