តំណាងអង្គការសង្គមស៊ីវិល និងសហគមន៍មូលដ្ឋានចំនួន៥០ស្ថាប័ន បានដាក់ញត្តិជាផ្លូវការទៅតុលាការកំពូល ដោយសង្ឃឹមថា សាលាឧទ្ធរណ៍ ឬតុលាការកំពូល នឹងសម្រេចតាមការស្នើរសុំ ដោយកាត់សិទ្ឋនយោបាយ លោកគ្រូ រ៉ុង ឈុន ទីប្រឹក្សាគណបក្សកំលាំងជាតិ ដែលជាមនុស្សសំខាន់របស់លោក សម រង្សុី និងបង្ការនយោបាយជ្រុលនិយមរបស់ លោក សម រង្សុី ដើម្បីការពារសន្តិភាព ស្ថេរភាពនយោបាយក្នុងប្រទេស ។
កាលពីថ្ងៃទី ១៦ ខែឧសភា ឆ្នាំ ២០២៥ សហភាពអង្គការសង្គមស៊ីវិល ក៏បានចេញញត្តិអំពាវនាវដល់អ្នកនយោបាយ យុវជន ពលរដ្ឋមេត្តាប្រុងប្រយត្ន័ក្នុងការចូលរួមជីវភាពនយោបាយជាមួយគណបក្សកម្លាំងជាតិ ទោះបីជាគណបក្សនេះខិតខំប្រឹងប្រែងបោកបញ្ឆោតសម្តែងខ្លួនជាអ្នកស្នេហាជាតិ ជាជនរងគ្រោះ ដែលជាល្បិចបោកពលរដ្ឋខ្មែរកន្លងមក។
សហភាពអង្គការសង្គមស៊ីវិលព្រួយបារម្ភថា មនុស្សទាំងនោះនឹងបន្តនយោបាយលោក សម រង្ស៊ី ដែលអាចនាំមកនូវការបង្កើត អោយមានភាពចលាចលក្នុងប្រទេស ប៉ះពាល់ដល់សន្តិភាព និងការអភិវឌ្ឍកំពុងមានក្នុងពេលបច្ចុប្បន្ន ។
សូមជម្រាបថា ការដាក់ញត្តិជាផ្លូវការនេះ កើតឡើងនៅពេលដែលកំពុងមានការជជែកយ៉ាងខ្លាំងអំពីតួនាទីនយោបាយ និងសិទ្ធិរបស់គណបក្សប្រឆាំងមួយចំនួននៅក្នុងសង្គម៕
ដោយ៖ ផុន លីហ្សា


