ពលរដ្ឋជាង ៦០គ្រួសារ ស្នើអភិបាលខេត្តកណ្ដាល បញ្ឈប់សកម្មភាពជនមួយក្ដាប់តូច អាងអំណាចមកឈូសឆាយលើដីកំពុងមានទំនាស់ចំនួន៥០ហិកតា ទាំងបំពានលិខិតបង្គាប់ការរបស់រដ្ឋបាលខេត្ត

ពលរដ្ឋប្រមាណជាង ៦០គ្រួសារ នៅស្រុកលើកដែក បានស្នើទៅកាន់លោក គួច ចំរើន អភិបាលខេត្តកណ្ដាល មេត្តាជួយទប់ស្កាត់បន្ទាន់ទៅលើបុគ្គលមួយក្ដាប់តូចអាងអំណាច យកគ្រឿងចក្រជាច្រើនគ្រឿងមកឈូសឆាយលើដីកំពុងមានទំនាស់ជាង៥០ហិកតា, ទោះពលរដ្ឋបានលើកគ្នាទៅតវ៉ា និងប្ដឹងទៅសាលាស្រុកលើកដែកយ៉ាងណាក្ដី ក៍ពួកគេមិនខ្លាចរអា មិនបញ្ឈប់សកម្មភាពបំពាននោះឡើយ ។

អ្នកភូមិសុំមិនបញ្ចេញឈ្មោះបានថ្លែងឲ្យដឹងថា នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥នេះថា ពួកគាត់មើលថែដីនេះជូនក្រុមហ៊ុន KTC មកយូរហើយ ស្រាប់តែថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥កន្លងទៅ ស្រាប់តែបុគ្គលមួយក្រុមឈ្មោះ វីគី ឈ្មោះហៀង អេងលាង បានធ្វើសកម្មភាពឈូសឆាយដីប្ដូរសណ្ឋានដីទំនាស់ទាំងបំពាន និងគ្មានច្បាប់អនុញ្ញាតពីរដ្ឋបាលខេត្តកណ្ដាល។ ហើយក្រុមគ្រឿងចាក់ទាំងនោះមានការដឹកនាំដោយឈ្មោះ គ្រី ប៉េងលេង ហៅថាត់ ។

ក្រោយពីកើតហេតុភ្លាម ពលរដ្ឋបានសុំការអន្តរាគមន៍នៅសាលាស្រុកលើកដែកផងដែរ ហើយរដ្ឋបាលស្រុកលើកដែកបានកោះហៅឈ្មោះ គ្រី ប៉េងលេង ហៅថាត់ មកប្រជុំរកដំណោះស្រាយ។ រដ្ឋបាលស្រុកក៏បានណែនាំឲ្យឈ្មោះនេះបញ្ឈប់សកម្មភាព ឈូសឆាយដីទំនាស់ខាងលើនេះ រង់ចាំការសម្របសម្រួលដោះស្រាយជាមុនសិន។ ប៉ុន្តែឈ្មោះនេះនៅតែមិនស្ដាប់តាមការណែនាំ និងមិនចូលរួមសហការជាមួយ នឹងអាជ្ញាធរមានសមត្ថកិច្ចនោះទេ ហើយនៅតែបន្តធ្វើសកម្មភាពឈូសឆាយ លើទំនាស់លើដីទំនាស់រហូតមកដល់បច្ចុប្បន្នព្រោះឈ្មោះនេះអាងថា ខ្លួនមានអ្នកធំនៅពីក្រោយ ដូច្នេះខ្លួនមិនខ្លាចអ្នកណាទាំងអស់។

សូមជម្រាបថា រដ្ឋបាលខេត្តកណ្ដាលធ្លាប់បានចេញលិខិតបង្គាប់ការលេខ០៣៩ ល.ប.ក ចុះថ្ងៃទី២១ ខែមិថុនា ឆ្នាំ ២០២១ ដោយបានចាត់តាំងមន្ត្រីឲ្យចុះទៅបំពេញបេសកកម្ម ដើម្បីចាប់ឃាត់បញ្ឈប់ការឈូសឆាយប្ដូរសណ្ឋានដីចំពោះដីកំពុងមានវិវាទនិងពុំមានការអនុញ្ញាត ស្ថិតនៅស្រុកកោះធំ ស្រុកលើកដែក និងនៅស្រុកស្អាងខេត្តកណ្ដាល។ ប៉ុន្តែឈ្មោះ វីគី, ឈ្មោះហៀង អេងលាប ដែលមានមេការឈ្មោះគ្រី ប៉េងលេង ហៅថាត់ បែរជានាំគ្នាទៅឈូសឆាយដីទំនាស់ បំពាននឹងចំណាត់ការរបស់រដ្ឋបាលខេត្តកណ្ដាលទាំងស្រុង។

ប្រជាពលរដ្ឋប្រមាណជា ៦០ គ្រួសារ និងជាអ្នកមើលថែរក្សាការពារដីឲ្យក្រុមហ៊ុន KTC ខាងលើ បានសំណូមពរលោក គួច ចំរើន អភិបាលខេត្តកណ្ដាល មេត្តាជួយអន្តរាគមន៍ទប់ស្កាត់ក្រុមគ្រឿងចក្រខាងលើ បញ្ឈប់សកម្មភាពលើដីទំនាស់ និងរង់ចាំដំណោះស្រាយបញ្ចប់វិវាទជាមុនសិន។

ទោះយ៉ាងនេះក្ដី ភ្នាក់ងារ ការពិតញូស៍ បានព្យាយាមទាក់ទងទៅកាន់ភាគីម្ខាងទៀតដែរ ប៉ុន្តែមិនមានលេខទំនាក់ទំនង និងរីករាយស្វាគមន៍ចំពោះការឆ្លើយតបបំភ្លឺព័ត៌មាននេះ៕