សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា នៅព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥នេះ បានបង្ហាញនូវកាលវិភាគដ៏មមាញឹកនៃសកម្មភាពរបស់សម្តេចសម្រាប់គ្រួសារ និងការងារ ដែលត្រូវបំពេញពេញ១សប្តាហ៍ នៅដើមខែឧសភា ឆ្នាំ២០២៥នេះ។
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា៖ «បញ្ហាគ្រួសារនិងការងារពិបាកបែងចែកពីគ្នាណាស់។ គិតតែពីគ្រួសារចោលការងារក៏មិនបាន។ គិតតែពីការងារចោលគ្រួសារក៏មិនបាន។ សម្រាប់ខ្ញុំពេលនេះថ្ងៃ៣ និង ៤ឧសភា ខួប៥ឆ្នាំនៃមរណភាពម្តាយក្មេកក្នុងពេលភរិយាមិនអាចចូលរួមពិធីបុណ្យបាន។ថ្ងៃ៤និង៥ឧសភាខួប៣ឆ្នាំនៃមរណភាពបងប្រុសទី២។ ខ្ញុំត្រូវចូលរួមកម្មវិធីទាំងពីរតែជាអកុសលខ្ញុំមិនអាចនៅបុណ្យឆ្លងនាព្រឹកថ្ងៃ៥ឧសភា សម្រាប់បងប្រុសបានទេ ព្រោះខ្ញុំត្រូវចេញដំណើរទៅឥណ្ឌូនេសុីនៅម៉ោង៧ព្រឹក ដើម្បីជួបប្រធានាធិបតីឥណ្ឌូនេសុីនៅម៉ោង១១ថ្ងៃត្រង់ (ក្នុងករណីគ្មានការកែប្រែ)។
បើតាមសម្តេចតេជោ៖ «នៅឥណ្ឌូនេសុីពីថ្ងៃ៥ដល់ថ្ងៃ៧មានជំនួបជាមួយថ្នាក់ដឹកនាំឥណ្ឌូនេសុី ទស្សនកិច្ចនិងធ្វើបាឋកថានៅលេខាធិការដ្ឋានអាស៊ាននាល្ងាចថ្ងៃ៥ឧសភា។ តាមការគ្រោងទុកខ្ញុំនឹងធ្វើបាឋកថាមួយទៀតនៅវិទ្យាស្ថានសេដ្ឋកិច្ចអាស៊ាននិងអាសុីបូពា៏នាទីក្រុងហ្សាកាតានាព្រឹកថ្ងៃ៦ឧសភា។ ថ្ងៃត្រង់៧ឧសភាខ្ញុំនឹងធ្វើដំណើរទៅកាន់ទីម័រឡេស្តេដើម្បីទស្សនកិច្ចផ្លូវការរហូតល្ងាចថ្ងៃ៩ឧសភា២០២៥ទើបមកដល់កម្ពុជាវិញ។ ថ្ងៃ១០ឧសភាមិនទាន់បានសម្រាកវាយកូនគោលទេព្រោះរឿងគ្រួសារបានមកដល់ទៀតហើយនោះគឺចូលរួមកាត់សក់ចងដៃឲ្យចៅស្រីដែលជាកូនរបស់ក្មួយស្រីបង្កើតដែលកូនរបស់បងប្រុសរបស់ភរិយាខ្ញុំដែលត្រូវរៀបការដែលខ្ញុំត្រូវចូលរួមទាំងព្រឹកទាំងល្ងាចដោយខានមិនបាន។ ត្រង់នេះហើយដែលខ្ញុំលើកពីខាងលើថាពិបាកបែងចែករវាងការងារនិងបញ្ហាគ្រួសារ»៕
