កម្ពុជា ត្រៀមសម្ពោធមហាវិថីដាក់ឈ្មោះឥស្សរជនឥណ្ឌូណេស៊ីពីររូប ជាចំណងដៃខួបទំនាក់ទំនង ៦៥ឆ្នាំ

កម្ពុជាបានត្រៀមរៀបចំមហាវិថីចំនួន២ ដើម្បីដាក់សម្ពោធ, នោះគឺមហាវិថី ស៊ូ ការណូ ជាមហាវិថីដាក់ឈ្មោះអតីតប្រធានាធិបតីឥណ្ឌូណេស៊ី និងមហាវិថី អាលី អាឡាតាស់ ជាមហាវិថីដាក់ឈ្មោះអតីតរដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ី។ នេះបើតាមការឲ្យដឹងក្នុងជំនួបរវាងសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា ជាមួយលោកជំទាវ ពាន់ ម៉ាហារ៉ានី (Puan Maharani) ប្រធានរដ្ឋសភានៃសាធារណរដ្ឋឥណ្ឌូណេស៊ី នៅវិមានរដ្ឋសភា រដ្ឋធានីហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៊ី នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥ ។

សម្ដេចតេជោបានឲ្យដឹងថា កម្មវិធីសម្ពោធមហាវិថីទាំងពីរត្រូវខកខាន ដែលបានត្រៀមសម្ពោធក្នុងខួប ៦៥ឆ្នាំ នៃទំនាក់ទំនងការទូតកម្ពុជា-ឥណ្ឌូណេស៊ី កាលពីឆ្នាំ២០២៤។ សម្ដេចតេជោក៏បានអញ្ជើញលោកជំទាវប្រធានរដ្ឋសភាឥណ្ឌូណេស៊ីមកបំពេញទស្សនកិច្ចនៅកម្ពុជា តាមកាលវេលាសមស្របណាមួយនៅពេលឆាប់ៗខាងមុខ និងដើម្បីមានឱកាសសម្ពោធមហាវិថីទាំងពីរនោះផង។

លោកជំទាវប្រធានរដ្ឋសភាឥណ្ឌូណេស៊ី រីករាយទទួលយកសំណើរបស់សម្ដេចតេជោ និងរីករាយចំ ពោះកម្ពុជាដែលបានដាក់ឈ្មោះ ឯកឧត្ដម ស៊ូ ការណូ ដែលជាជីតារបស់លោកជំទាវនៅមហាវិថីនៅកម្ពុជា។ លោកជំទាវបានសន្យាថា នឹងអញ្ជើញបំពេញទស្សនកិច្ចនៅកម្ពុជានាពេលឆាប់ៗខាងមុខ ដោយនឹងនាំម្ដាយលោកជំទាវមកទស្សនកិច្ចនៅកម្ពុជាផងដែរ។ លោកជំទាវរីករាយនឹងអញ្ជើញសម្ពោធមហាវិថីទាំងនោះនៅអំឡុងទស្សនកិច្ចនៅកម្ពុជា៕