សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ផ្ញើរំលែកទុក្ខ ជូនគ្រួសារ​សពកង​ទ័ពមួក​ខៀវ ២រូប ដែលបានពលី នៅស៊ូដង់ខា​ង​ត្បូង

ក្នុងសាររំលែកទុក្ខ ផ្ញើជូនក្រុមគ្រួសារកងទ័ពមួកខៀវកម្ពុជាទាំងពីររូប សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា សម្តេចនិងភរិយា ពិតជាមានសេចក្ដីក្ដុកក្ដួលរំជួលចិត្ត និងសោកស្តាយឥតឧបមា ដោយបានទទួល ដំណឹងអំពីករណីផ្ទុះអាវុធនៅបន្ទាយកម្លាំងរាជអាវុធហត្ថកម្ពុជា ឈរជើងក្នុងទីក្រុង Malakal នៃកងអនុសេនាធំរាជអាវុធហត្ថលេខ៨៧២ ប្រចាំនៅសាធារណរដ្ឋស៊ូដង់ខាងត្បូង នៅវេលាម៉ោង ០៣:៥០នាទីរសៀល ត្រូវនឹង ម៉ោ ម៉ោង ០៨:៥០នាទីយប់ ម៉ោងនៅកម្ពុជា ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ ដោយបានបណ្តាលឱ្យសមាជិកកម្លាំងកម្ពុជា ចំនួន២រូប ពលីជីវិត។

ក្នុងវេលាប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងភរិយា បានចូលរួមរំលែកទុក្ខជាមួយ លោក និងលោកស្រី ព្រមទាំងក្រុមគ្រួសារ ក៏ដូចជាថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិក សហការី និងកងកម្លាំងទាំងអស់ នៃមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសំអាតមីន និងកាកសំណល់សង្គ្រាមផងដែរ។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានចាត់ទុកការបាត់បង់យោធិនកម្ពុជាទាំង២រូប គឺជាការបាត់បង់កូនដ៏មានគុណធម៌ សុជីវធម៌ កតញ្ញូ កតវេទិតាធម៌ ចំពោះជីដូនជីតា ឪពុកម្តាយ មីងមា បងប្អូនជាទីស្រឡាញ់ ហើយក៏ជាការបាត់បង់នាយទាហានដ៏អង់អាចក្លាហាន ដោយបានលះបង់អស់ពីកម្លាំងកាយ បញ្ញាស្មារតី ស្ម័គ្រចិត្តចាកឆ្ងាយមាតុភូមិកំណើត និងក្រុមគ្រួសារ ជាទីស្រឡាញ់ និងបានធ្វើពលិកម្មគ្រប់បែបយ៉ាង ដើម្បីបុព្វហេតុមនុស្សធម៌អន្តរជាតិ ដែលជាការរួមចំណែក ដ៏ធំធេង ក្នុងការលើកតម្កើងកិត្យានុភាពកម្ពុជានៅលើឆាកអន្តរជាតិ។

គួរបញ្ជាក់ថា កងទ័ពមួកខៀវកម្ពុជា ២នាក់ បានពលីជីវិតនៅក្នុងអំឡុងពេលបេសកកម្មក្នុងទីក្រុង ម៉ាឡាកាល់ (Malakal) សាធារណរដ្ឋស៊ូដង់ខាងត្បូង ដោយសារករណីផ្ទុះអាវុធ កាលពីវេលាម៉ោង ០៣:៥០នាទីរសៀល ត្រូវនឹង ម៉ោង ០៨:៥០នាទីយប់ ម៉ោងនៅកម្ពុជា) ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ ។ កងទ័ពមួកខៀវកម្ពុជាដែលបានពលីនេះ គឺទី១ អនុសេនីយ៍ឯក ដួង ម៉ាហ្គាលី និងទី២ អនុសេនីយ៍ទោ ផាត មុន្នី៕