សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ស្វាគមន៍ចំពោះ​លទ្ធផលវិជ្ជមាននៃកិច្ចប្រ​​ជុំRBC រវាងយោធភូមិភាគទី៥ កម្ពុជា និងយោធភូមិភាគទី១ ថៃ

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ​បានប្រកាសស្វាគមន៍ចំពោះលទ្ធផលវិជ្ជមាននៃកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការកិច្ចការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៥ កម្ពុជា និងយោធភូមិភាគទី១ ថៃ ដែលបានធ្វើឡើង​នៅខេត្តស្រះកែវ ព្រះរាជាណាចក្រថៃ នាថ្ងៃសុក្រទី ២២ សីហា ២០២៥នេះ។

គួររម្លឹកថា កិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) នៅថ្ងៃនេះ គឺគណៈប្រតិភូកម្ពុជា ដឹកនាំដោយ ឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការយោធភូមិភាគទី៥ និងគណៈប្រតិភូថៃ ដឹកនាំដោយ ឧត្តមសេនីយ៍ឯក Amarit Boonsuya មេបញ្ជាការ កងទ័ពភូមិភាគទី១ ។

កិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC)  បានបញ្ចប់ដោយជោគជ័យនៅវេលាម៉ោង១១ និង១៥នាទីព្រឹក ថ្ងៃទី២២ សីហានេះ ដោយភាគីកម្ពុជា និងថៃបានបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការអនុវត្តបទឈប់បាញ់ និងគោលការណ៍ឯកភាពទាំង១៣ចំណុច ការពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងទ្វេភាគី និងការស្តារប្រក្រតីភាពឡើងវិញនៅតាមតំបន់ព្រំដែន។

ភាគីទាំងពីរក៏បានឯកភាពគ្នាក្នុងការរៀបចំកិច្ចប្រជុំបន្ទាប់របស់គណៈកម្មាធិការកិច្ចការព្រំដែនថ្នាក់យោធភូមិភាគ (RBC) ក្នុងរយៈពេលមួយខែក្រោយកិច្ចប្រជុំវិសាមញ្ញនេះ ឬតាមពេលវេលាសមស្រប ដោយប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះ៕

អត្ថបទ៖ ពុទ្ធិកា