គួរធ្វើច្បាប់ថ្មីពិសេសបន្ថែមទម្ងន់ទោសទៅលើអ្នកបើកបរស្រវឹង ហើយបុកមនុស្សស្លាប់?

កម្ពុជាគួរបង្កើនទម្ងន់ទោសទណ្ឌបន្ថែមទៀតចំពោះអ្នកបើកបរទាំងឡាយណាដែលស្ថិតក្នុងស្ថានភាពស្រវឹង ហើយបើកបុកមនុស្សស្លាប់ដែរឬយ៉ាងណា ខណៈគ្រោះថ្នាក់ចរាចរណ៍សម្លាប់អ្នកដំណើរតាមដងផ្លូវ បានកើតឡើងស្ទើរតែរៀងរាល់ថ្ងៃ។

ជាក់ស្តែង នៅវេលាម៉ោងជាង២រសៀល​ ថ្ងៃទី១៥ ខែឧសភា​ ឆ្នាំ២០២៥នេះ ​ករណីគ្រោះថ្នាក់ចរាចរណ៍បុករះនៅបណ្ដោយផ្លូវព្រះនរោត្តម មុខក្រសួងមហាផ្ទៃ អ្នកបើករថយន្ដបង្កមានឈ្មោះ ហ៊ុន ហេង មានតួនាទីជា នាយការិយាល័យគណនេយ្យ ចំណុះផែនការងារភស្តុភារ និងហិរញ្ញវត្ថុ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។

អ្នកបើករថយន្ដបង្កក្នុងស្ថានភាពស្រវឹងជោគជាំរូបនោះ បន្ទាប់ពីបង្កហេតុបុករះ​ម៉ូតូជាច្រើនគ្រឿង កង់បី​៥គ្រឿង​ និងរថយន្ត១គ្រឿង​ ផ្ទប់ដេីមឈេី​ បណ្តាលឱ្យបុរសម្នាក់​ស្លាប់ភ្លាមៗ និងរបួសធ្ងន់ម្នាក់​នៅផ្លូវព្រះនរោត្តម​ត្រូវបានកម្លាំងនគរបាលចខណ្ឌចំការមន ឃាត់ខ្លួនបានភ្លាមៗ និងបញ្ជូនបន្តឲ្យកម្លាំងនគរបាលការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីអនុវត្តនីតិវិធីច្បាប់បន្ត។ ក្នុងករណីបុករះនេះ បណ្ដាលឲ្យបុរសអ្នកបើកម៉ូតូកង់បីឥណ្ឌាម្នាក់បាត់បង់ជីវិត និងខូចខាតម៉ូតូ១គ្រឿង កង់បីឥណ្ឌា ២គ្រឿង និងរថយន្តព្រុស១គ្រឿង និងអ្នករងរបួសផ្សេងទៀត។

មហាជនអ្នកប្រើប្រាស់បណ្តាញសង្គមបានបង្ហាញការតក់ស្លុត រន្ធត់ សោកស្តាយ អាណិត សម្រាប់ជនរងគ្រោះគ្រប់រូប និងសំណូមដល់រដ្ឋាភិបាលគួរធ្វើច្បាប់ថ្មីពិសេស សម្រាប់ដាក់ទោសជនប្រមឹក ពោលអ្នកបង្កគ្រោះថ្នាក់ចរាចរណ៍ក្នុងស្ថានភាពស្រវឹង បណ្តាលឱ្យស្លាប់អ្នកដទៃ ត្រូវសងជីវិតវិញ។ ធ្វើដូច្នេះ ទើបជនប្រមឹកខ្លាចរអា ខណៈដែលដូចករណីកន្លងមក និងពេលនេះ ជនប្រមឹក មិនខ្លាចសោះឡើយ។

តើករណីបុកគេស្លាប់ ជនបង្កត្រូវទទួលទោសបែបណាខ្លះ?

បើតាមមាត្រា៨៥ នៃច្បាប់ចរាចរណ៍ផ្លូវគោក រាល់ជនណាដែលបើកបរដោយធ្វេសប្រហេស ខ្ជីខ្ជា មិនប្រុងប្រយ័ត្ន បណ្ដាលឱ្យស្លាប់អ្នកដទៃ ត្រូវផ្ដន្ទាទោសដាក់ពន្ធធនាគារពី១ឆ្នាំទៅ៣ឆ្នាំ និងពិន័យជាប្រាក់ពី៤លានរៀល ទៅ១៥លានរៀល និងត្រូវផ្ដន្ទាទោស ដោយទោសបន្ថែមមួយ ឬ​ច្រើន ដូចមានចែងក្នុងមាត្រ៥៣(ប្រភេទ នៃទោសបន្ថែម)​ នៃក្រមព្រហ្មទណ្ឌ។

លើសពីនេះ ត្រូវផ្ដន្ទាទោសដាក់ពន្ធធនាគារពី២ឆ្នាំទៅ៥ឆ្នាំ និងពិន័យជាប្រាក់ពី១០លានរៀល ទៅ២៥លានរៀល ប្រសិនសិនជនបង្កបើកបរដោយដោយគ្មានប័ណ្ណបើកបរ ឬមានបណ្ណបើកបរតែបើកមិនត្រូវតាមប្រភេទយានយន្ត ទៅបុកបណ្ដាលឱ្យមានអ្នកស្លាប់។ ត្រូវជាប់ពន្ធធនាគារចន្លោះពី២ឆ្នាំដល់៥ឆ្នាំពិន័យជាប្រាក់ពី១០លានរៀល ទៅ២៥លានរៀល ក្នុងករណីជនបង្ក បើកបរទៅបុកបណ្ដាលឱ្យគេស្លាប់ ហើយសមត្ថកិច្ចពិនិត្យឃើញថា ស្ថិតក្នុងស្ថានភាពស្រវឹងដោយមានអត្រាជាតិ អាល់កុលចាប់ពីសូនក្បៀសសែសិបមីលីក្រាមក្នុងមួយលីត្រខ្យល់ឬចាប់ពីសូន្យក្បៀសប៉ែត្រសិបក្រាមក្នុងមួយលីត្រឈាម៕

អត្ថបទ៖ អក្ខរា