នាថ្ងៃទី ១៦ ខែឧសភា ឆ្នាំ ២០២៥ សហភាពអង្គការសង្គមស៊ីវិល បានចេញញត្តិអំពាវនាវដល់អ្នកនយោបាយ យុវជន ពលរដ្ឋមេត្តាប្រុងប្រយត្ន័ក្នុងការចូលរួមជីវភាពនយោបាយជាមួយគណបក្សកម្លាំងជាតិ ទោះបីជាគណបក្សនេះខិតខំប្រឹងប្រែងបោកបញ្ឆោតសម្តែងខ្លួនជាអ្នកស្នេហាជាតិ ជាជនរងគ្រោះ ទាំងនេះជាល្បិចបោកពលរដ្ឋខ្មែរកន្លងមក។

សហភាពអង្គការសង្គមស៊ីវិលបានរៀបរាប់ថា សូមព្រឹទ្ធសភា រដ្ឋសភា រដ្ឋាភិបាល តុលាការ ស្ថានប័នមានសមត្ថកិច្ច សូមមេត្តា ស្រាវជ្រាវសិក្សាអោយបានលម្អិតដាក់បុគ្គលមួយចំនួនដែលស្និតនឹងលោក សម រង្ស៊ី កុំអោយធ្វើនយោបាយអោយសោះ ដើម្បីកុំអោយកម្ពុជាបាត់បងនូវសន្តិភាព បង្កភាពវឹកវរ អសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈកើតឡើងវិញ ដែលនេះជាអ្វីលោក សម រង្ស៊ី ធ្លាប់បានធ្វើកន្លងមក។
សហភាពអង្គការសង្គមស៊ីវិល ព្រមទាំងបណ្តាសហគមន៍ពលរដ្ឋ ក្រុមយុវជន បានសង្កេតឃើញនូវបុគ្គល មួយចំនួនដែលមានចរិតជ្រុលនិយម ឬជាមនុស្ស សម រង្ស៊ី បានវិលចូលមកធ្វើនយោបាយក្នុងគណបក្សកំលាំងជាតិ។
សហភាពអង្គការសង្គមស៊ីវិលព្រួយបារម្ភថា មនុស្សទាំងនោះនឹងបន្តនយោបាយលោក សម រង្ស៊ី ដែលអាចនាំមកនូវការបង្កើត អោយ មានភាពចលាចលក្នុងប្រទេស ប៉ះពាល់ដល់ សន្តិភាព និងការអភិវឌ្ឍកំពុងមានក្នុងពេលបច្ចុប្បន្ននេះ ។
សូមជម្រាបថា គណបក្សកម្លាំងជាតិ (ក.ជ.ជ.) ត្រូវបានបង្កើតឡើងនៅថ្ងៃទី ២១ ខែសីហា ឆ្នាំ ២០២៣ ដោយសមាជិកសម្រុះសម្រួលមួយចំនួនពោលគឺ បងប្អូនអតីតសមាជិកគណបក្សសង្គ្រោះជាតិ សកម្មជនសង្គមមួយចំនួន និងបានចូលរួមបោះឆ្នោតជាផ្លូវការជាលើកដំបូងនៅឆ្នំា ២០២៣ ក្រោយទទួលការទទួលស្គាល់ពីក្រសួងមហាផ្ទៃ៕





