សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោកជំទាវ Frances Adamson អភិបាលរដ្ឋ នៃរដ្ឋអូស្ត្រាលីខាងត្បូង (South Australia-SA) ប្រទេសអូស្ត្រាលី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព នាព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥។

ក្នុងឱកាសនៃជំនួប លោកជំទាវអភិបាលរដ្ឋនៃរដ្ឋអូស្ត្រាលីខាងត្បូង បានសម្តែងការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យរបស់កម្ពុជា ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងអូស្ត្រាលី និងកម្ពុជា។ លោកជំទាវបានលើកឡើងថា គោលបំណងសំខាន់នៃដំណើរទស្សនកិច្ចរបស់លោកជំទាវ គឺដើម្បីស្វែងរកឱកាសពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងរដ្ឋអូស្ត្រាលីខាងត្បូង និងកម្ពុជា។
លោកជំទាវអភិបាលរដ្ឋ បានជម្រាបជូនសម្តេចបវរធិបតីអំពីវិស័យសក្តានុពលនានារបស់រដ្ឋអូស្ត្រាលីខាងត្បូង រួមមាន៖ វិស័យកសិកម្ម, អប់រំ, ទេសចរណ៍, និងថាមពល។ លោកជំទាវបានបន្ថែមថា រដ្ឋអូស្ត្រាលីខាងត្បូងមានសហគមន៍ខ្មែរប្រមាណជិត ៤០០០ នាក់ កំពុងរស់នៅ, ធ្វើការងារ និងសិក្សា។ ជាងនេះទៀត, លោកជំទាវបានកោតសរសើរចំពោះភាពឧស្សាហ៍ព្យាយាម និងការខិតខំប្រឹងប្រែងរបស់សិស្ស-និស្សិតកម្ពុជា ដែលកំពុងសិក្សានៅតាមគ្រឹះស្ថានសិក្សា និងសាកលវិទ្យាល័យនានាក្នុងរដ្ឋអូស្ត្រាលីខាងត្បូង។
ជាមួយគ្នានេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល និងប្រជាជនអូស្ត្រាលី ដែលបានចូលរួមចំណែកក្នុងដំណើរការស្វែងរកសុខសន្តិភាព ក៏ដូចជាការស្តារ និងអភិវឌ្ឍប្រទេសកម្ពុជាឡើងវិញ ដែលនេះជាការរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនៅកម្ពុជា នាពេលបច្ចុប្បន្ន។
ទន្ទឹមនឹងនេះ, សម្តេចបវរធិបតីក៏បានសម្តែងការពេញចិត្តចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរ។ សម្តេចបានអរគុណអូស្ត្រាលី និយាយជារួម និងរដ្ឋអូស្ត្រាលីខាងត្បូង និយាយដោយឡែក ដែលបានរួមចំណែកដល់ការអភិវឌ្ឍធនធានមនុស្សកម្ពុជា ក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ។
សម្តេចបវរធិបតី បានគូសបញ្ជាក់ជូនលោកជំទាវអភិបាលរដ្ឋ អំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា លើការអភិវឌ្ឍមូលធនមនុស្ស ដោយផ្តោតលើការពង្រឹងសុខុមាលភាព, ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងការបង្កើតការងារ ជូនប្រជាពលរដ្ឋ។
សម្តេចបវរធិបតី និងលោកជំទាវ ក៏បានពិភាក្សានិងផ្លាស់ប្តូរយោបល់អំពីការពង្រឹង និងពង្រីក ព្រមទាំងស្វែងរកនូវឱកាសបន្ថែមទៀត ក្នុងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងរដ្ឋអូស្ត្រាលីខាងត្បូង លើវិស័យសំខាន់ៗ ដូចជា៖ អប់រំ,ថាមពលស្អាត, ពាណិជ្ជកម្ម, វិនិយោគ, កសិកម្ម, និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងការតភ្ជាប់រវាងប្រជាជន និងប្រជាជន តាមរយៈការផ្លាស់ប្តូរវប្បធម៌ និងសិល្បៈ និងការជំរុញភ្ញៀវទេសចរណ៍៕
