ដឹងទេ! សង់រោងរៀបចំពិធីផ្សេងៗ លក់ដូរ ការជួបជុំ ឬបង្កើតឧបសគ្គរារាំងនៅលើផ្លូវថ្នល់ សុទ្ធតែត្រូវបានហាមឃាត់

សកម្មភាពដែលបង្កអន្តរាយដល់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងបង្កើតឧបសគ្គដល់សុវត្ថិភាពចរាចរណ៍ ត្រូវបានហាមឃាត់។ យោងតាមច្បាប់ ស្ដីពីផ្លូវថ្នល់មាត្រា៣៨ បានចែងថា៖ ហាមឃាត់រាល់សកម្មភាពបង្កអន្តរាយដល់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងបង្កើតឧបសគ្គដល់សុវត្ថិភាពចរាចរណ៍ដូចជា ៖

១- ការបំផ្លិចបំផ្លាញដោយចេតនាលើសមាសភាពហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ៖
-ការជីកគាស់ ការចោះខួង ការធ្វើឱ្យបែកបាក់ផ្លូវថ្នល់

  • ការនាំចូលយានយន្ត យានូបករណ៍
    -ការទន្ទ្រាន ឬការចូលត្រួតត្រា ឬការប្រើប្រាស់ដីរបស់ផ្លូវថ្នល់ និងពិសេសដីចំណីផ្លូវ
    -ការកែប្រែ ឬបង្វែរផ្លូវថ្នល់ដោយគ្មានការអនុញ្ញាត
  • ការសាងសង់ក្នុងដីចំណីផ្លូវ លុបគន្លងបង្ហូរទឹកសម្រួលសុវត្ថិភាពផ្លូវថ្នល់ ។

២- ការបង្កើតឧបសគ្គរារាំង ដែលនាំឱ្យរំខានដល់សុវត្ថិភាពចរាចរណ៍ ៖

  • ការធ្វើផ្ទៃផ្លូវថ្នល់រអិល ស្អិត និងការធ្វើឱ្យទ្រេត ឬដួលរលំបរិក្ខារផ្លូវថ្នល់
  • ការផ្លាស់ប្តូរ ការសរសេរ ការរុះរើចល័ត ការដោះយក ឬការធ្វើឱ្យខូចប្រយោជន៍ដល់ផ្លាកសញ្ញាចរាចរណ៍ ភ្លើងសញ្ញាចរាចរណ៍ របងការពារសុវត្ថិភាព បង្គោលគីឡូម៉ែត្រ សញ្ញាបង្ហាញទិស និងការបង្កើតឧបសគ្គរារាំងនៅលើផ្លូវថ្នល់
  • ការចាក់គំនរកម្ទេចសំណង់ពង្រាយលើផ្លូវថ្នល់ ឬការដាក់គរសម្ភារវត្ថុរាយប៉ាយលើផ្លូវថ្នល់ជាអាទិ៍ ការបោះចោលកម្ទេចកម្ចីថ្ម អាចម៍ដី ខ្សាច់ សំរាម ទឹកកខ្វក់ កាកសំណល់ និងការហាលវត្ថុផ្សេងទៀតនៅលើផ្លូវថ្នល់ ក្នុងករណីមានកន្លែងផ្សេងទៀត សម្រាប់ហាល ។

៣- សកម្មភាពដែលអាចបណ្តាលឱ្យមានឧបសគ្គដល់ការធ្វើចរាចរណ៍ ៖

  • ការរៀបចំពិធីផ្សេងៗបំពានលើផ្លូវថ្នល់ជាអាទិ៍ ផ្សារណាត់ ការរាំរែក ការលក់ទំនិញលើផ្លូវថ្នល់ និងការជួបជុំមហាជន ការយកផ្លូវថ្នល់ ស្ពានធ្វើជាកន្លែងស្នាក់នៅផ្ទុយពីច្បាប់នេះ
  • ការដាក់តាំងសម្ភារ ឬផ្លាកសញ្ញាផ្សេងៗធ្វើឱ្យបាំងភ្នែក ឬកាត់បន្ថយការប្រុងប្រយ័ត្ន អ្នកបើកបរ ឬបង្កឧបសគ្គដល់អ្នកថ្មើរជើងធ្វើដំណើរ
  • ការសាងសង់ជញ្ជាំងបាំងលយចេញ ឬសំណង់អ្វីមួយលើគែមផ្លូវថ្នល់ ចិញ្ចើមផ្លូវថ្នល់
  • ការចាក់ដីខ្ពស់ជាងផ្លូវថ្នល់ ដោយមិនមានប្រព័ន្ធបង្ហូរទឹកត្រឹមត្រូវ
  • ការលើកផ្លូវ ឬការបើកផ្លូវតភ្ជាប់ទៅផ្លូវធំដោយគ្មានច្បាប់អនុញ្ញាត ។

៤- រាល់សកម្មភាពផ្សេងៗទៀត ដែលធ្វើឱ្យអន្តរាយផ្លូវថ្នល់ បង្កឱ្យមានគ្រោះថ្នាក់ដល់មនុស្ស និងមធ្យោបាយធ្វើដំណើរនៅលើផ្លូវថ្នល់៕