សម្ដេចតេជោ ហ៊ុន សែន ណែនាំឱ្យធ្វើពង្រាងវិសោធនកម្មលក្ខន្តិកៈសមាគមអតីតយុទ្ធជនកម្ពុជា ឱ្យមានវិសាលភាពគ្របដណ្តប់ទៅលើនិវត្តជនទាំងអស់

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា បានផ្ដល់អនុសាសន៍ឱ្យធ្វើពង្រាងវិសោធនកម្មលក្ខន្តិកៈ សមាគមអតីតយុទ្ធជនកម្ពុជា ឲ្យមានវិសាលភាពគ្របដណ្តប់ទៅលើនិវត្តជនទាំងអស់ ដោយរួមបញ្ចូលទាំងមន្ត្រីរាជការចូលនិវត្តន៍ គ្រូបង្រៀនចូលនិវត្តន៍ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទចូលនិវត្តន៍។ អនុសាសន៍របស់សម្តេចតេជោ បានធ្វើឡើងក្នុងកិច្ចប្រជុំក្រុមការងារព័ត៌មានផ្សព្វផ្សាយរបស់ សមាគមអតីតយុទ្ធជនកម្ពុជា C.V.A នាព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥នេះ នៅវិមាន៧មករា រាជធានីភ្នំពេញ។

រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី ៧ នៃរដ្ឋសភា បានដាក់ចេញនូវ យុទ្ធសាស្ដ្របញ្ចកោណ-ដំណាក់កាលទី ១ ដើម្បី កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និង ចីរភាព, ក្នុងនោះយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី ១ បានផ្ដោតការយកចិត្ដទុកដាក់ខ្ពស់ក្នុងការលើកកម្ពស់ជីវភាពអតីតយុទ្ធជនដែលជានិវត្ដជន, ជនបាត់បង់សមត្ថ​ភាព​ការងារ និង ជនមានពិការភាព តាមរយៈចំណុចអាទិភាពសំខាន់ៗមួយចំនួន គឺសំដៅដល់ការគិតគូរចំពោះអតីតយុទ្ធ​ជន ដែលមានគុណបំណាច់ចំពោះជាតិមាតុភូមិ។

ទន្ទឹមនេះ រាជរដ្ឋាភិបាលបានផ្ដោតការយកចិត្ដទុកដាក់ខ្ពស់ ក្នុងការលើកកម្ពស់ជីវភាពអតីត-យុទ្ធជនដែលជានិវត្ដជន, ជនបាត់បង់សមត្ថភាពការងារ និង ជនមានពិការភាព តាមរយៈ៖

ទី១. ការធ្វើសមាហរណកម្មនៅក្នុងប្រព័ន្ធរបបសន្តិសុខសង្គមថ្មី និង ការគណនាស្របតាមតម្លៃឯកតានៃសន្ទស្សន៍បៀវត្សមូលដ្ឋានចន្លោះឆ្នាំ ២០២០ ដល់ ២០២៣ ព្រមជាមួយនោះ ក៏បានដំឡើងរបបសន្ដិសុខសង្គមប្រចាំខែ ដែលទាបជាង ឬ ស្មើ ៧៧ម៉ឺន ឱ្យដល់ ៨២ម៉ឺន ៥ពាន់រៀល ដែលបានអនុវត្ត ចាប់ពីខែ មេសា ឆ្នាំ ២០២៤ ។

ទី២. ការផ្ដល់ប្រាក់ឧបត្ថម្ភក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និង ពិធីបុណ្យភ្ជុំបិណ្ឌចំនួន ៥ ម៉ឺនរៀលនៅតែបន្ត។

ទី៣. ការដំឡើងរបបឧបត្ថម្ភប្រចាំខែ សម្រាប់អ្នកនៅក្នុងបន្ទុករបស់សពមន្ដ្រីរាជការស៊ីវិល និង សពអតីតយុទ្ធជន ។

ទី៤. ទិន្នន័យអតីតយុទ្ធជន និង គ្រួសារអតីតយុទ្ធជន ត្រូវបានធ្វើបច្ចុប្បន្នភាព និងគ្រប់គ្រងតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ដើម្បីធានានូវប្រសិទ្ធភាព និង សុវត្ថិភាពក្នុងការបើកផ្តល់របបសន្ដិសុខសង្គមប្រចាំខែជូនលោកតា លោកយាយ អ៊ំ ពូ មីង បងប្អូន ។ ការបើកផ្តល់របបសន្ដិសុខសង្គមប្រចាំខែចំនួនពីរសប្ដាហ៍ម្ដងក្នុងខែនីមួយៗ ត្រូវបានដាក់ឱ្យអនុវត្ដចាប់ពីខែមករា ឆ្នាំ ២០១៩ មកម៉្លេះ, តាមសារាចរណែនាំរបស់រាជរដ្ឋាភិបាល ដោយសហការ ជាមួយធនាគារ​ដៃគូដែលបើកត្រង់តាម ATM តែម្តង។​

ទី៥. រាជរដ្ឋាភិបាល បានផ្ដល់ប័ណ្ណថែទាំសុខភាពពីរបបសន្តិសុខសង្គម(ប.ស.ស ) ជូន ជនមានពិការភាព និវត្ដជន និង ជនបាត់បង់សមត្ថភាពការងារ និង ប័ណ្ណមូលនិធិសមធម៌សុខាភិបាល ជូនអ្នកកាន់សៀវភៅធនាគាររបស់គ្រួសារជនពលី និងគ្រួសារជនមរណៈ ជាអតីតយុទ្ធជន ដើម្បីទៅពិនិត្យ និង ព្យាបាលជំងឺនៅមន្ទីរពេទ្យដែល បានចុះកិច្ចសន្យាជាមួយ (ប.ស.ស)​ ដោយមិនបង់ប្រាក់ ។

ទី៦. ចាប់តាំងពីឆ្នាំ ២០០៨ ដល់ឆ្នាំ ២០២៣ ដើម្បីឆ្លើយតបទៅនឹងគុណបំណាច់ដ៏ធំធេងចំពោះបុព្វហេតុជាតិមាតុភូមិរបស់អតីតយុទ្ធជន និង ដោយមានការយកចិត្ដទុកដាក់គិតគូរពី សម្ដេចតេជោប្រធានសមាគ​ម​អតីតយុទ្ធជនកម្ពុជា និង សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត យើងបានសាងសង់ផ្ទះជូនអតីតយុទ្ធជនក្រីក្ររាប់ពាន់ខ្នង ។

បច្ចុប្បន្ន, អតីតយុទ្ធជនសរុបចំនួន ១០៩ ០៣៤ នាក់ ព្រមទាំងអ្នកនៅក្នុងបន្ទុកចំនួន ១៤៩ ០៥៣ នាក់ កំពុងទទួលប្រាក់របបគោលនយោបាយពីរដ្ឋ ដែលប្រាក់របបនេះ ត្រូវបានកែសម្រួលជាបន្ដបន្ទាប់ស្របតាមកំណើន​សេដ្ឋកិច្ចជាតិ និង ការដំឡើងបៀវត្សមូលដ្ឋានមន្ដ្រីរាជការនិង កងកម្លាំង-ប្រដាប់អាវុធ៕