បញ្ហាព្រំដែន! ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ប្រកាសថា ក្នុងនាមជាមន្ត្រីរាជការគ្រប់ជាន់ថ្នាក់ ត្រៀមខ្លួនចូលរួមចំណែកតាមគ្រប់លទ្ធភាពជាមួយរាជរដ្ឋាភិបាលកម្ពុជា

ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥នេះ បានលើកឡើងថា ក្នុងនាមជាមន្ត្រីរាជការគ្រប់ជាន់ថ្នាក់ បានបង្ហាញនូវការយកចិត្តទុកដាក់ខ្ពស់ចំពោះស្ថានភាពដែលបាន និងកំពុងកើតមានឡើងនៅតាមបន្ទាត់ព្រំដែន និងត្រៀមខ្លួនចូលរួមចំណែកតាមគ្រប់លទ្ធភាព ជាមួយរាជរដ្ឋាភិបាលកម្ពុជា ស្របតាមស្មារតី និងខ្លឹមសារដែលបានបញ្ជាក់ជូនជនរួមជាតិពីសម្តេចតេជោ និងសម្តេចធិបតីនាយករដ្ឋមន្ត្រី។

ក្នុងឱកាសនៃកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិនៃក្រសួងមុខងារសាធារណៈ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា គ្រប់ពេល យើងទាំងអស់គ្នា ពិតជាមានការជឿជាក់លើសមត្ថភាពរាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហានេះប្រកបដោយប្រសិទ្ធភាព និងសន្តិវិធី ក្រោមស្មារតីសន្តិភាព ហើយសង្ឃឹមថាស្ថានភាពនឹងវិលត្រឡប់ទៅធម្មតាវិញឆាប់ៗ ដើម្បីជាផលប្រយោជន៍ប្រទេសនិងប្រជាជនទាំងពីរ។

ទន្ទឹមនឹងនេះ ឯកឧត្តម និងសហការី ក៏សូមបញ្ជូននូវមនោសញ្ចេតនាដ៏ជ្រាលជ្រៅ ជាមួយនឹងការគាំទ្រយ៉ាងពេញទំហឹងចំពោះគម្រូវីរៈភាពដ៏អង់អាចហានក្លារបស់កងកម្លាំងប្រដាប់អាវុធយើងគ្រប់លំដាប់ថ្នាក់ ដែលបាន និងកំពុងឈរជើងនៅគ្រប់ទិសទីក្នុងបេសកកម្មការពារបូរណភាពទឹកដី នៃព្រះរាជាណាចក្រកម្ពុជារបស់យើង៕