មេបញ្ជាការកងទ័ពជើងគោកកម្ពុជា-ថៃ បានជួបចរចាគ្នា នៅការិយាល័យទំនាក់ទំនងកិច្ចការព្រំដែនកម្ពុជា-ថៃ ច្រកព្រំដែនចុងចម-អូរស្មាច់ នៅវេលាម៉ោង១៥:៣០នាទីរសៀល នារសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ នេះ ក្រោយយពីមានព្រឹត្តិការណ៍ប៉ះទង្គិចប្រដាប់អាវុធរវាងកងទ័ពកម្ពុជា និងកងទ័ពថៃ កាលពីព្រឹកថ្ងៃទី២៨ ខែឧសភា នៅតំបន់ព្រំដែនមុំបី។
ក្នុងការជួបចរចាគ្នានេះ ភាគីកម្ពុជា ដឹកនាំដោយនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង មេបញ្ជាការកងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ រីឯភាគីថៃ ដឹកនាំដោយនាយឧត្តមសេនីយ៍ Pana Klaewblaudtuk មេបញ្ជាការកងទ័ពជើងគោកភូមិន្ទថៃ ។

ក្រោយជួបចរចាគ្នា ភាគីកម្ពុជា-ថៃ បាន ឯកភាពចំនួនចំណុចទាំងបួនក្នុងនោះរួមមាន
១-ភាគីទាំងពីរ បន្តដោះស្រាយស្ថានការណ៍តាមគ្រប់យន្តការដែលមានស្រាប់ ដូចជា គណៈកម្មាធិការព្រំដែនចម្រុះ (JBC) គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) និងអនុស្សរណៈ នៃការយោគយល់គ្នា ឆ្នាំ២០០០ ស្តីពីការវាស់វែងនិងខណ្ឌសីមាព្រំដែនគោកកម្ពុជា-ថៃ ដើម្បីឱ្យ ព្រំដែនប្រទេសយើងទាំងពីរ ក្លាយទៅជាព្រំដែនសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និង ការអភិវឌ្ឍ។
២-ភាគីទាំងពីរ បន្តគ្រប់គ្រងស្ថានការណ៍តាមស្ថានភាពដើម រក្សាភាពអត់ធ្មត់ និង ដោះស្រាយរាល់បញ្ហាតាមរយៈគណៈកម្មាធិការព្រំដែនចម្រុះ (JBC) ដែលនឹងប្រព្រឹត្តឡើងក្នុងរយៈ ពេល២ឬ៣សប្តាហ៍ខាងមុខ ដើម្បីរក្សាទំនាក់ទំនងល្អរវាងប្រទេសទាំងពីរ។
៣-ភាគីកម្ពុជា ស្នើឱ្យមានការគោរពអធិបតេយ្យភាពនិងបូរណភាពទឹកដីទៅវិញទៅមក ធ្វើយ៉ាងណាកុំឱ្យមានអរិភាពដូចព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥។
៤-ភាគីកម្ពុជា នឹងមិនដកថយ ឬឈរជើងដោយគ្មានអាវុធ នៅចំណុចដែលបាន ប៉ះទង្គិចគ្នានោះទេ ព្រោះទីតាំងនោះភាគីកម្ពុជាបានឈរជើងតាំងពីមុនពេលចុះហត្ថលេខាលើ អនុស្សរណៈនៃការយោគយល់គ្នា ឆ្នាំ២០០០ ស្តីពីការវាស់វែងនិងខណ្ឌសីមាព្រំដែនគោករវាង កម្ពុជា-ថៃ។
គួរបញ្ជាក់ថា នៅក្នុងការប៉ះទង្គិចគ្នា រវាងកងទ័ពកម្ពុជា និងកងទ័ពថៃ កាលពីវេលាម៉ោងជាង ៥ព្រឹកថ្ងៃទី២៨ ខែឧសភា នៅតំបន់ព្រំដែនមុំបី ស្ថិតក្នុងភូមិសាស្រ្តភូមិតេជោមរកត ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បានបណ្តាលឱ្យបាត់បង់ជីវិតកងទ័ពកម្ពុជាម្នាក់ ដោយកងទ័ពថៃបានធ្វើការបាញ់ប្រហារមុនមកលើលេណដ្ឋានដែលជាទីតាំងឈរជើងរបស់កងទ័ពកម្ពុជា ជាយូរមកហើយ៕
អត្ថបទ៖ ពុទ្ធិកា

