នៅលើបណ្តាញគណនីហ្វេកបុកផ្ទាល់ខ្លូន នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥នេះ ឯកឧត្តម គួច វែងស្រ៊ុន រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី ក្នុងពេលវេលាលំបាក ឬបាតុភាពកេីតឡេីង ទេីបយេីងកាន់តែច្បាស់ថា ពួកក្រុមដែលតែងប្រកាសខ្លួនស្រលាញ់ជាតិ ការពារជាតិ បានប្រព្រឹត្តផ្ទុយទាំងអស់។
ទោះបីជាមិនលើកចំឈ្មោះ តែគេអាចសន្និដ្ឋានបានថាទំនងជាសំដៅដល់ក្រុមទណ្ឌិត សម រង្ស៊ី ដែលជាជនក្បត់ជាតិ ដែលក្រុមនេះតែងតែ ប៉ុងប៉ងបំផ្លាញប្រយោជន៍ជាតិ តាមរយៈសកម្មភាពនយោបាយជ្រុលនិយម។
ឯកឧត្តម គួច វែងស្រ៊ុន ពន្យល់ថា
១/ មេខំស្រែក ខំផុសប្រៀបធៀបកម្លាំង បង្កេីតការបែកបាក់ណាមួយ ព្រោះកន្លងទៅធ្លាប់អំពាវនាវឱ្យបែរកាណុងប្រឆាំងរាជរដ្ឋាភិបាល។ ស្ថានភាពនេះ មិនលេីកទឹកចិត្តឱ្យកងកម្លាំងរួមគ្នា សាមគ្គីជាថ្លុងមួយ រួមគ្នាប្រឆាំងខ្មាំងឈ្លានពាន តែមកបំបែកបំបាក់ ញុះញង់ និងបង្កេីតការយល់ច្រលំផ្សេងៗទៅវិញ
២/ ស្របពេលមានការចូលរួមចលនាជួយដល់កងទ័ពជួរមុខ កេីតចេញពីការអំពាវនាវរបស់សម្តេចតេជោផង ខ្លះនាំគ្នាចូលរួម ទាំងថវិកាផង ខ្លះផ្តល់ម្ហូបអាហារតាមផ្លូវផង តែពួកអ្នកតាំងខ្លួនស្នេហាជាតិ មិនចូលរួមសូម្បីមួយរយរៀល?
៣/ ប្រមុខរាជរដ្ឋាភិបាល កំពុងបំពេញទស្សនកិច្ចការងារផ្លូវការនៅជប៉ុន បន្ទាប់ពីបំពេញភារកិច្ចនៃកិច្ចប្រជុំអាស៊ាននៅម៉ាឡេស៉ី ក្រុមដែលតាំងខ្លួនអ្នកស្នេហាជាតិ នាំគ្នាចេញបាតុកម្ម ស្រែកឡូឡាមុខវិមានការិយានាយករដ្ឋមន្ត្រីជប៉ុន នាំគ្នាយកលុយទៅឱ្យជនក្បត់ជាតិតាមសំបុត្រដែលគេរៀបចំ។ អត់ខ្មាសបរទេសទេឬ? ខ្វះពេលណាស់ទៅអារឿងបាតុកម្មហ្នឹង? ហោចណាស់ក៏ត្រូវយល់តិចដែរ ថ្នាក់ដឹកនាំជាតិ កំពុងមកទស្សនកិច្ចស្វែងរកប្រយោជន៍ជូនជាតិ និងប្រជាជន ខ្លួនមកស្រែកហ្នឹងប្រឆាំងនឹងរឿងហ្នឹងមែន?
ឯកឧត្តម គួច វែងស្រ៊ុន បានសូមឲ្យបងប្អូនខ្មែរទាំងនៅជប៉ុន និងទូទាំងប្រទេស សូមមេត្តាតម្កល់ផលប្រយោជន៍ជាតិជាធំ ដឹងថាពេលណាគួរប្រឆាំង គួរបញ្ចេញមតិ ឬគួរតែចេញសកម្មភាព មិនមែនបែបនេះទេ។ យេីងគួរប្រេីប្រាស់សិទ្ធិសេរីភាពនេះ សិទ្ធិដែលថាស្នេហាជាតិនេះ កុំធ្វេីដេីម្បីបំផ្លាញជាតិ អាប់ឱនកិត្តិយសជាតិ ញុះញង់បំបែកបំបាក់ជាតិ គួរណាស់តែលេីកកម្ពស់ការសាមគ្គីជាតិ។ កុំធ្លាក់ខ្លួនផុងជឿលង់ជនមួយក្រុមក្តាប់តូច ទោះស្លាប់ទៅក៏នៅខ្មៅសម្រាប់ជាតិឯងនោះ៕
