ក្រុមការងារអាជ្ញាធរជាតិអប្សរាសម្រុកជួសជុលស្ពានហាលខាងកើតប្រាសាទបេងមាលា

លោក គឹម សុធិន អគ្គនាយករងអាជ្ញាធរជាតិអប្សរា បានឱ្យដឹងនៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៥ថា ក្រុមការងាររបស់អាជ្ញាធរជាតិអប្សរាសម្រុកជួសជុល ស្ពានហាលខាងកើតនៃប្រាសាទបេងមាលាយ៉ាងមមាញឹក ចៀសវាងការភ្លៀងខ្លាំងនាំឱ្យរំខានដល់ការងារជួសជុល។

លោកអគ្គនាយករងអាជ្ញាធរជាតិអប្សរាបានបន្តថា ភ្លៀងធ្លាក់ញឹកញាប់ ក្រុមការងារយើងប្រឹងបន្តិចទៀតដល់ផ្នែកខាងលើនឹងផុតលុយទឹកសម្រាប់ការជួសជុលហើយ។ ការជួសជុលស្ពានហាលខាងកើត ប្រាសាទបេងមាលាគឺចាប់ផ្តើមតាំងពីខែកក្កដា ឆ្នាំ២០២៤។ គម្រោងនេះក្រោមការគាំទ្រដោយមូលនិធិពិសេសកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ ដែលគម្រោងជួសជុលស្ពានហាលខាងកើតនៃប្រាសាទបេងមាលា ក្នុងឧទ្យានបុរាណវិទ្យាអង្គរកម្ពុជា ហើយគ្រោងនឹងបញ្ចប់នៅខែសីហា ឆ្នាំ២០២៥។

ប្រាសាទបេងមាលាត្រូវបានសាងសង់ឡើងលើផ្ទៃដីទំហំ១៤ហិកតា ដែលស្ថិតនៅភូមិបេងមាលា ស្រុកស្វាយលើ ខេត្តសៀមរាបខាងកើតជើងភ្នំគូលែន។ ប្រាសាទបេងមាលា ត្រូវបានអ្នកស្រាវជ្រាវមួយចំនួនយល់ថា ត្រូវបានសង់ក្នុងរាជ្យព្រះបាទសូរ្យវម៌្មទី២ (សូរ្យវរ្ម័នទី២)៕