ទោះបីជាក្រុមគ្រួសារខំប្រឹងបញ្ជូនព្រឹទ្ធាចារ្យក្រមាមាស សាន គឹមស៊ាន មកព្យាបាលបន្ទាន់នៅ ភ្នំពេញ នៅតែមិនអាចជួយសង្រ្គោះលោកតាបាន លោកតាបានទទួលមរណភាពក្នុងវ័យ៨០ឆ្នាំ ដោយសារជំងឺត្បៀតសរសៃបេះដូង និងកំបោរក្នុងបេះដូង ។
ព្រឹទ្ធាចារ្យក្រមាមាស សាន គឹមស៊ាន ដែលបាននាំគុនល្បុក្កតោខ្មែរទៅកាន់ពិភពលោក បានទទួលមរណភាពហើយក្នុងវ័យ៨០ឆ្នាំ ដោយសារជំងឺត្បៀតសរសៃបេះដូង និងកំបោរក្នុងបេះដូង នៅថ្ងៃទី ០៣ ខែ មិថុនា ឆ្នាំ ២០២៥ នេះ ។

កាលថ្ងៃទី ០២ ខែ មិថុនា ឆ្នាំ២០២៥ កាលពីម្សិលមិញលោក រាជ នគរ ដែលជាកូនប្រុសរបស់លោកព្រឹទ្ធាចារ្យក្រមាមាស សាន គឹមស៊ាន បានបង្ហាញពីស្ថានភាពមិនល្អចំពោះឪពុកខ្លួនថា លោកគ្រូតាកំពុងសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកសៀមរាប ដោយសារជំងឺត្បៀតសរសៃបេះដូង និងកំបោរក្នុងបេះដូង ដោយឡែកនៅព្រឹកថ្ងៃទី ០៣ ខែ មិថុនា ឆ្នាំ២០២៥នេះ ស្រាប់តែកូនប្រុសរបស់លោកតាបានរៀបរាប់ថា លោកគ្រូតាកំពុងធ្វើដំណើរតាមឡានសង្រ្គោះបន្ទាន់មករាជធានីភ្នំពេញ និងចូលទៅមន្ទីរពេទ្យកាលម៉ែត្រផ្នែកឯកទេសបេះដូង ។
រំលងនៃការបង្ហោះសារនិងរៀបរាប់របស់កូនប្រុសលោកតាគុនល្បុក្កតោប្រមាណជាង៤ម៉ោង ស្រាប់តែខាងអគ្គលេខាធិការរងសហព័ន្ធកីឡាល្បុក្កតោ លោក អ៊ួរ តារា បានបញ្ជាក់ថា ព្រឹទ្ធាចារ្យក្រមាស សាន គឹមស៊ាន ទទួលមរណភាពក្នុងអាយុ៨០ឆ្នាំ ដោយសារជំងឺគាំងបេះដូង ។
ទាំងសិល្បករ មហាជនអ្នកគាំទ្រព្រមទាំងកូនសិស្សគុនល្បុក្កតោខ្មែរ ម្នាក់ៗមានការតក់ស្លុត និងសោកស្តាយជាខ្លាំងក្នុងការបាត់បង់ធនធានដ៏ល្អរបស់សង្គមជាតិ និងបានផ្ញើសាររំលែកទុក្ខនៃក្រុមគ្រួសារលោកតាគ្រប់ៗគ្នា ៕

