ក្រសួងព័ត៌មាន អំពាវនូវឱ្យបញ្ឈប់ការផ្សព្វផ្សាយផលិតផល LIVA BALANCE និងឱសថមិនមានអាជ្ញាប័ណ្ណ!

ក្រសួងព័ត៌មាន បានអំពាវនាវឱ្យម្ចាស់ប្រព័ន្ធផ្សព្វផ្សាយ និងអ្នកពាក់ព័ន្ធទាំងអស់ បញ្ឈប់ការផ្សព្វផ្សាយផលិតផលបំប៉នសុខភាពឈ្មោះ LIVA BALANCE និងឱសថផ្សេងៗទៀតដោយគ្មានការអនុញ្ញាតពីក្រសួងសុខាភិបាល ព្រមទាំងប្រើប្រាស់ខ្លឹមសារផ្សព្វផ្សាយបំផ្លើសហួសពីការពិត នាំឱ្យប្រជាពលរដ្ឋមានការភាន់ច្រឡំ និងអាចបង្កផលប៉ះពាល់ដល់សុខភាពសាធារណៈ។

ជាការទប់ស្កាត់ និងកាត់បន្ថយផលអវិជ្ជមាននៃការប្រើប្រាស់ផលិតផលបំប៉នសុខភាព និងឱសថផ្សេងៗដែលគ្មានប្រភពច្បាស់លាស់ដូចករណីខាងលើ ក្រសួងព័ត៌មាន ស្នើសុំឱ្យម្ចាស់ប្រព័ន្ធផ្សព្វផ្សាយ និងអ្នកអនុវត្តសកម្មភាពក្នុងវិស័យព័ត៌មាន និងសោតទស្សន៍ ទាំងអស់ចូលរួមសហការ និងអនុវត្តដូចខាងក្រោម៖

១- បញ្ឈប់ការផ្សព្វផ្សាយលក់ផលិតផលបំប៉នសុខភាពឈ្មោះ LIVA BALANCE និងលុបមាតិកា ដែលបានផ្សព្វផ្សាយកន្លងមកពាក់ព័ន្ធនឹងផលិតផលខាងលើ និងឱសថគ្រប់ប្រភេទ ដែលគ្មាន ការអនុញ្ញាតពីក្រសួងសុខាភិបាល។

២- រាល់ការផ្សព្វផ្សាយផលិតផលឱសថ ត្រូវពិនិត្យឱ្យបានច្បាស់លាស់លើលេខបញ្ជីកា និងមាន ការអនុញ្ញាតពីក្រសួងសុខាភិបាល

អាស្រ័យហេតុនេះ ម្ចាស់ប្រព័ន្ធផ្សព្វផ្សាយ និងបុគ្គលជាប់ពាក់ព័ន្ធទាំងអស់ ត្រូវចូលរួមសហការ ទប់ស្កាត់ និងបញ្ឈប់ការផ្សព្វផ្សាយពាណិជ្ជកម្មឱសថបុរាណ និងឱសថគ្រប់ប្រភេទដែលគ្មានការអនុញ្ញាតពីក្រសួងសុខាភិបាល ដើម្បីជួយការពារផលប្រយោជន៍សាធារណៈ៕