ស្ថានអគ្គកុងស៊ុលកម្ពុជា ប្រចាំខេត្តស្រះកែវ បានឲ្យដឹងថា ច្រកតំបន់ និងច្រករបៀង រវាងព្រំដែនកម្ពុជា-ថៃ នឹងត្រូវបានបិទជាបណ្ដោះអាសន្ន (ឯកតោភាគី) ចាប់ពីថ្ងៃទី ៧ ខែមិថុនា ឆ្នាំ ២០២៥ នេះតទៅ។

ការបិទនេះធ្វើឡើងបន្ទាប់ពីភាគីកម្ពុជា បានបដិសេធមិនព្រមចរចា ៤ចំណុច គឺតំបន់ប្រាសាទតាមាន់តូច តាមាន់ធំ តាក្របី និងតំបន់មុំបី នៅ ក្នុងកិច្ចប្រជុំពេញអង្គគណៈកម្មាធិការចម្រុះព្រំដែន (JBC) ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ ២០២៥ ខាងមុខនេះ ដោយទាមទារឱ្យភាគីថៃដោះស្រាយនៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ)។
ស្ថានអគ្គកុងស៊ុលកម្ពុជាបញ្ជាក់ថា ច្រកតំបន់ ច្រករបៀង នៅតាមបណ្តាខេត្តនានា ជាប់ព្រំដែន ថៃ-កម្ពុជា ក៏នឹងត្រូវបិទជាបន្តបន្ទាប់ផងដែរ។
សូមជម្រាបថា កាលពីរសៀលថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥ ប្រមុខការពារជាតិកម្ពុជា-ថៃ បានជួបពិភាក្សាអំពីភាពតានតឹងតាមព្រំដែន ដែលបានប្រព្រឹត្តិទៅស្រុកអារញ្ញប្រថេត ខេត្តស្រះកែវ ប្រទេសថៃផងដែរ៕


