ស្នងការខេត្តកំពត នាំយកស្បៀងអាហារ ទៅជូនទីបញ្ជាការនគរបាលប្រចាំទិ​សភូមិ​​ភាគទី៤ ខេត្តព្រះវិហារ!

ឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកំពត បានធ្វើដំណើរទៅកាន់ខេត្តព្រះវិហារ ដើម្បីប្រគល់ស្បៀងអាហារ ជូនទីបញ្ជាការនគរបាល ប្រចាំទិសភូមិភាគទី៤ នាព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៥ នេះ ។

លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ បានជម្រាបជូនកម្លាំងនគរបាលការពារព្រំដែន នូវសេចក្ដីផ្ដាំផ្ញើសួរសុខទុក្ខ និងក្ដីនឹករលឹកប្រកបដោយមោទនភាព ពី ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី និងឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការ ចំពោះកម្លាំងនគរបាលការពារព្រំដែន ដែលបាននិងកំពុងឈរជើងប្រចាំការសហការគាំទ្រជាមួយកងយោធពលខេមរភូមិន្ទ ការពារដែនអធិបតេយ្យភាពជាតិ ប្រកបដោយភាពស្វាហាប់ និងម៉ឺងម៉ាត់បំផុត។

ជំនួយដែល លោកឧត្តមសេនីយ៍ស្នងការ រៀបចំវេចខ្ចប់ដឹកចេញពីស្នងការដ្ឋាននគរបាលខេត្តកំពត ឆ្ពោះទៅកាន់ទឹកដីខេត្តព្រះវិហារ ដើម្បីជូននគរបាលការពារព្រំដែន ប្រចាំទិសភូមិភាគទី៤ នាឱកាសនោះ រួមមាន ទឹកបរិសុទ្ធ៣០០កេស ភេសជ្ជៈចម្រុះ១០០កេស ទឹកត្រី២០០យួរ ទឹកស៊ីអុីវ២០០យួរ មីជាតិ២០០កេស ត្រីងៀត២០០គីឡូ សាច់ក្រក២០០គីឡូ ត្រីខ៣០កេសធំ និងអង្ករ៥តោន ស្មើនឹង១០០បាវ៕