វឌ្ឍនភាពកម្ពុជា! គម្រោងវិនិយោគថ្មីប្រមាណ៨១៦លានដុល្លារ បង្កើតការងារដល់ពលរដ្ឋកម្ពុជាជាង៤ម៉ឺនកន្លែង

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានឱ្យដឹងថា ក្នុងខែឧសភា ឆ្នាំ២០២៥នេះ រដ្ឋបាលបានចុះបញ្ជីគម្រោងវិនិយោគសរុបចំនួន ៥៩គម្រោង ដែលមានទុនវិនិយោគប្រមាណ ៨១៦លានដុល្លារអាម៉េរិក និងអាចបង្កើតឱកាសការងារបានជាង ៤៤,០០០ កន្លែងសម្រាប់ពលរដ្ឋកម្ពុជា។

ក្នុងចំណោមគម្រោងវិនិយោគសរុប គម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ចពិសេសមានចំនួន៣៨គម្រោង និងគម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមាន ចំនួន២១គម្រោង។ 

ដោយឡែក ក្នុងខែឧសភា ឆ្នាំ២០២៥នេះ ការចុះបញ្ជីគម្រោងវិនិយោគមានការកើនឡើងចំនួន ៣៤ គម្រោង ស្មើនឹងប្រមាណ ១៣៦% ខណៈទុនវិនិយោគមានការកើនឡើងប្រមាណ ៥៧០លានដុល្លារអាម៉េរិក ស្មើនឹងប្រមាណ ២៣១% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤។

គិតចាប់ពីខែមករា ដល់ខែឧសភា ឆ្នាំ២០២៥ ការចុះបញ្ជីគម្រោងវិនិយោគមានចំនួន ២៩០គម្រោង កើនឡើងចំនួន១៣៧គម្រោង ស្មើនឹងប្រមាណ៩០% ខណៈទុនវិនិយោគមានចំនួនប្រមាណ ៤,២ពាន់ លានដុល្លារអាម៉េរិក កើនឡើងប្រមាណ ១,៤ពាន់លានដុល្លារអាម៉េរិក ស្មើនឹងប្រមាណ៥២% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤៕