ព្រះពុទ្ធបដិមាទម្ងន់៩តោន នឹងលេចរូបរាងបង្ហាញដល់ភ្ញៀវទេសចរជាតិ-អន្តរជាតិក្នុងបរិវេណអាកាសយានដ្ឋានអន្ដរជាតិតេជោនាពេលខាងមុខ

កាលពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៥នេះ អាកាសយានដ្ឋានអន្តរជាតិតេជោ បានប្រារព្ធពិធី «សិតព្រះពុទ្ធបដិមា» សម្រាប់តម្កល់ទុក ក្នុងទីបរិវេណអាកាសយានដ្ឋាន ដែលជាកេតនភណ្ឌដ៏ពិសិដ្ឋ ដើម្បីជាឧត្តមប្រយោជន៍ ក្នុងការគោរពរបស់ភ្ញៀវទេសចរជាតិ-អន្តរជាតិ។

ព្រះពុទ្ធបដិមានេះ មានទម្ងន់៩តោន និងមានកម្ពស់៩ម៉ែត្រ ជារូបភ្នេន ដើម្បីបង្ហាញពីរចនាបទ វប្បធម៌ និងការលើកតម្កើងព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ ទៅកាន់ភ្ញៀវជាតិ និងអន្តរជាតិ ដែលអាកាសយានដ្ឋានអន្ដរជាតិតេជោគ្រោងបើកដំណើរនៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ ខាងមុខ។ នេះបើយោងតាមការលើកឡើងរបស់អ្នកឧកញ៉ា ឆារស៍ វ៉ាន់ នាយកគ្រប់គ្រង នៃក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ឯ.ក ។

អ្នកឧកញ៉ា ឆារស៍ វ៉ាន់ បានបញ្ជាក់ថា ការដាក់ព្រះពុទ្ធបដិមានេះ ដោយសារកម្ពុជា កាន់ព្រះពុទ្ធសាសនា ដូច្នេះហើយ អ្វីដែលធ្វើនៅព្រលានយន្តហោះនេះ គឺរំពឹងថា នៅរាល់រចនាបថ ការរៀបចំទាំងអស់ក្នុងព្រលាននេះ គឺយកតាមប្រពៃណី និងវប្បធម៌ខ្មែរសុទ្ធសាធទាំងអស់។

ក្រៅពីនេះ ដើម្បីបង្ហាញដល់ភ្ញៀវទេសចរជាតិ-អន្តរជាតិ ដែលឆ្លងកាត់ ព្រលានយន្តហោះទាំងអស់យល់ច្បាស់ថា ព្រះពុទ្ធបដិមានេះ ជាព្រះពុទ្ធមួយអង្គដ៏មានតម្លៃ ជាពិសេសគឺបង្ហាញវប្បធម៌របស់កម្ពុជា។ 

លើសពីនេះ ក៏នឹងមានដាក់តាំងបន្ថែម អំពីរូបចម្លាក់រចនាបទបែបខ្មែរផ្សេងៗជាច្រើនទៀត នៅក្នុងអាកាសយានដ្ឋានអន្តរជាតិតេជោ ដែលភាគច្រើននាំមកពីខេត្តសៀមរាប។

សូមជម្រាបថា រដ្ឋលេខាធិការដ្ឋានអាកាសចរស៉ីវិលកម្ពុជា នឹងបើកឱ្យប្រតិបត្តិការព្រលានយន្តហោះអន្តរជាតិតេជោ នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ ហើយសម្ពោធ ជាផ្លូវការ នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា៕