ក្រសួងមហាផ្ទៃ៖ កាន់តែស្មុគស្មាញ! កម្ពុជា–ថៃ អាចប៉ះទង្គិចគ្នាដោយកម្លាំងប្រដាប់អាវុធ!

ក្រសួងមហាផ្ទៃ បានពិនិត្យឃើញថាសភាពការណ៍នៅតាមបណ្តោយខ្សែបន្ទាត់ព្រំដែន កម្ពុជា-ថៃ កំពុងវិវត្តប្រែប្រួលកាន់តែស្មុគស្មាញ ពិបាកប៉ាន់ស្មាន និងមានភាពផុយស្រួយ ដែលអាចឈានដល់ការប្រឈមមុខដាក់គ្នាផ្នែកកម្លាំងប្រដាប់អាវុធ បើមិនមានការគ្រប់គ្រងទាន់ពេលវេលា។

នាពេលថ្មីៗនេះ ភាគីថៃបានបិទ ឬផ្លាស់ប្តូរពេល វេលាចេញចូលឆ្លងកាត់ព្រំដែននៅតាមទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនមួយចំនួនជាឯកតោភាគី ដោយមិនបានជូនដំណឹងផ្លូវការជាមុនមកភាគីកម្ពុជា ដូចមានចែងក្នុងកិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរ ស្តីពីការឆ្លងកាត់ព្រំដែនដែលបានចុះថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៥។ 

ស្ថានការណ៍នេះ អាចបង្កផលប៉ះពាល់ដល់សន្តិសុខ សុវត្ថិភាព អាយុជីវិត និងទ្រព្យសម្បត្តិប្រជាពលរដ្ឋ ព្រមទាំងជះឥទ្ធិពលអវិជ្ជមានដល់ទំនាក់ទំនងរវាងខេត្ត និងខេត្តជាប់ព្រំដែនទៀតផង។

ក្រសួងមហាផ្ទៃស្នើឱ្យ មានការយកចិត្តទុកដាក់អនុវត្តកិច្ចការ ចាំបាច់មួយចំនួន និងត្រៀមវិធានការជម្លៀសប្រជាពលរដ្ឋដែលកំពុងនៅ ប្រទេសថៃ និងអ្នករស់នៅតំបន់ព្រំដែន ឱ្យវិលចូលក្នុងប្រទេសវិញក្នុងករណីមានការប៉ះទង្គិចគ្នាដោយកម្លាំងប្រដាប់វុធ ដែលអាចកើតឡើងជាយថាហេតុ ឬមានការបិទច្រកទ្វារព្រំដែន។

ក្រៅពីនេះ ប្រជាពលរដ្ឋគួរផ្អាកឆ្លងដែនចូលទៅប្រទេសថៃជាបណ្តោះអាសន្ន ប្រសិនបើមិនមានអ្វីចាំបាច់។

ជាមួយគ្នានេះ ក្រសួងមហាផ្ទៃ ហាមប្រាមរដ្ឋបាលខេត្ត ក្រុង ស្រុក និងឃុំ សង្កាត់ មិនឱ្យចុះហត្ថលេខាលើកំណត់- ហេតុ ឬឯកសារនានាជាមួយភាគីថៃ រហូតដល់មានការណែនាំជាថ្មីពីក្រសួងមហាផ្ទៃ៕