ក្នុងឱកាសបើកសម្ពោធផ្លូវថ្មើរជើងចតុមុខជាផ្លូវការ នាថ្ងៃទី២១ មិថុនា ២០២៥ ខាងមុខនេះ រដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំកម្មវិធីតន្ត្រីខ្នាតធំ ដោយក្រុមហ៊ុន GALAXY និងមានការសម្តែងសិល្បៈប្រពៃណី របាំចម្រុះ និងបើកស្តង់ម្ហូបអាហារ២ទីតាំងមកពីស្ថានទូតឥណ្ឌា និងម៉ាឡេស៊ីផងដែរ។

ឯកឧត្ដមឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានគូសបញ្ជាក់ថា ក្រោយពីបានបើកឱ្យដំណើរការជាបណ្តោះអាសន្ននាប៉ុន្មានខែនេះ ផ្លូវថ្មើរជើងចតុមុខ (Walk Street) ទទួលការគាំទ្រ និងពេញនិយមយ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋ និងភ្ញៀវជាតិ-អន្តរជាតិ។
ដោយឡែក បញ្ហាសន្តិសុខ សុវត្ថិភាព ត្រូវតែធានាបានថាជោគជ័យ១០០ភាគរយ ក្នុងកម្មវិធីបើកសម្ពោធជាផ្លូវការនៃផ្លូវថ្មើរជើងចតុមុខ (Walk Street) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិតពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ផងដែរ។
សូមជម្រាបថា ផ្លូវថ្មើរជើង (Walk Street) ត្រូវបានរដ្ឋបាលរាជធានីភ្នំពេញ ដាក់ឱ្យដំណើរការសាកល្បងកាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៥ រៀងរាល់ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ចាប់ពីម៉ោង ១៨:០០នាទី រហូតដល់ម៉ោង ២៣:០០នាទីយប់ នៅតាមបណ្តោយតីរវិថីព្រះស៊ីសុវត្ថិ ចាប់ពីវិថីបក្សីចាំក្រុង (ផ្លូវលេខ៩៤) រហូតដល់មុខព្រះបរមរាជវាំង ស្ថិតនៅ ក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ៕
ដោយ៖ ផុន លីហ្សា


