ទៅដល់ទីកន្លែងណា សម្ដេចធិបតីនាយករដ្ឋមន្ត្រី តែងតែស្រវាស្រទេញបង្កើនទំនាក់ទំនងការទូតក៏ដូចជាពាណិជ្ជកម្ម ដើម្បីនាំមកនូវផលប្រយោជន៍ជូនជាតិ និងប្រជាពលរដ្ឋ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាល ចូលរួមសន្និសីទរបស់ អង្គការសហប្រជាជាតិ ស្ដីពីមហាសមុទ្រ លើកទី៣ ក្រោមប្រធានបទ «ការពន្លឿនសកម្មភាព និងការកៀរគរគ្រប់ តួអង្គដើម្បីរក្សានិងប្រើប្រាស់មហាសមុទ្រប្រកបដោយចីរភាព» រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី៩ ដល់ ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥ នៅទីក្រុងនីស សាធារណរដ្ឋបារាំង។ ការអញ្ជើញចូលរួមសន្និសីទរបស់ សម្ដេចធិបតីនាយករដ្ឋមន្តី គឺតបតាមការអញ្ជើញរបស់ ឯកឧត្តម Emmanuel Macron ប្រធានាធិបតី នៃសាធារណរដ្ឋបារាំង និង ឯកឧត្តម António Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ (អ.ស.ប.)។

នេះជាដំណើរបំពេញបេសកកម្មការងារនៅក្រៅប្រទេសថ្មីមួយទៀត របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងនាមជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បន្ទាប់ពីសម្តេច បានអញ្ជើញបំពេញទស្សនកិច្ច ប្រកបដោយជោគជ័យដ៏ធំធេងក្នុងតំបន់អាស៊ី អាម៉េរិក អឺរ៉ុប និងមជ្ឈិមបូព៌ា នាពេលកន្លងមក។ នេះក៏ជាសមិទ្ធផល ការងារការទូតដ៏ធំមួយទៀត សម្រាប់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។ 

អង្គភាពអ្នកនាំពាក្យរាជរដា្ឋភិបាល បានលើកឡើងថា ទៅដល់ទីកន្លែងណា ក៏សម្ដេចធិបតី នាយករដ្ឋមន្ត្រី តែងតែស្រវាស្រទេញបង្កើនទំនាក់ទំនងការទូតក៏ដូចជាពាណិជ្ជកម្ម ដើម្បីនាំមកនូវផលប្រយោជន៍ ជូនប្រទេសជាតិនិងប្រជាពលរដ្ឋមិនដែលខានឡើយ៕