ចៅសង្កាត់ចាក់អង្រែលើ ត្រូវបានឃាត់ខ្លួនពីបទពាក់ព័ន្ធសែកស្អុយជាង៣០ម៉ឺនដុល្លារ

លោក កែវ សាវឿន ចៅសង្កាត់ចាក់អង្រែលេី ត្រូវបានសមត្ថកិច្ច នគរបាលព្រហ្មទណ្ឌ រាជធានីភ្នំពេញឃាត់ខ្លួន នៅថ្ងៃទី ១១ ខែ មិថុនា ឆ្នាំ ២០២៥ តាមរយ:ដីកាបង្គាប់ឱ្យចូលខ្លួន របស់ អយ្យការអមសាលាដំបូង រាជធានីភ្នំពេញ ពាក់ព័ន្ធករណីចេញសែកស្អុយ ដែលមានទំហំទឹកប្រាក់ជាង ៣០ម៉ឺន ដុល្លារ ។

លោកចៅសង្កាត់ចាក់អង្រែលើ ពាក់ព័ន្ធ ករណីចេញសែកស្អុយជាង ៣០ម៉ឺន ដុល្លារនេះ ដោយសារចាញ់ល្បិចលោក ស ថាវី អនុរដ្ឋលេខាធិកាក្រសួងការពារជាតិ ដែលបានប្រើល្បិចយកដីជាប់អនុក្រឹត្យលក់ឲ្យឧកញ៉ា ជា សឿន ហើយលោកចៅសង្កាត់ធ្វើជាឈ្មួញកណ្ដាល។

ដីដូចមានក្នុងកិច្ចសន្យាខាងលើ ពុំមានដីដូចការធានាអះអាង និងអាចធ្វើការផ្ទេរសិទ្ធិណាមួយឡើយ ព្រោះដីនេះជាដីជាប់អនុក្រឹត្យ ដែលការណ៍ទាំងនេះ ធ្វើឲ្យខាតបង់ផលប្រយោជន៍ចំពោះលោក កែវ សាវឿន យ៉ាងធ្ងន់ធ្ងរ។

ទាក់ទិនសំណុំរឿងព្រហ្មទណ្ឌនេះ ឈ្មោះ កែវ សាវឿន ក៏បានស្នើសុំឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានគណៈបញ្ជាការដឹកនាំយុទ្ធនាការ ដោះស្រាយភាពមិនប្រក្រតីនៅតាមផ្លូវតុលាការ ដើម្បីសុំអន្ដរាគមន៍ផងដែរ។

សូមជម្រាបថា ជុំវិញករណីនេះ លោក ស ថាវី ក៏ត្រូវបានតុលាការបង្កាប់ចូលខ្លួនជាកំហិតនៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ នេះ ពីបទឆបោក ទិញដីជាង១០ហិកតា ហើយអះអាងថា ដីនោះជាកម្មសិទ្ធិរបស់ខ្លួន បានពីការប្រមូលទិញពីប្រជាពលរដ្ឋ៕