២០ឆ្នាំចុងក្រោយ ​កម្ពុជា​ចុះ​បញ្ជីដីធ្លី​និងចេញបណ្ណ​កម្មសិទ្ធិបាន​ជាង​ ៨,៥​លានបណ្ណ​

ឯកឧត្តម ថេង ច័ន្ទសង្វារ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា ក្នុងរយៈពេល​ ២០ឆ្នាំចុងក្រោយនេះ​ រាជរដ្ឋាភិបាល​កម្ពុជា​ បានចុះបញ្ជីដីធ្លី និងចេញបណ្ណកម្មសិទ្ធិ បានជាង​ ៨,៥លានបណ្ណ​ និងគ្រោងបញ្ចប់ជាប្រវត្តិសាស្រ្តនៅ​ឆ្នាំក្រោយ។ ការគូសបញ្ជាក់នេះបានធ្វើឡើងនៅក្នុង វេទិកាសាកល​ស្តីពីដីធ្លី​ ឆ្នាំ២០២៥​ (Global Land Forum 2025) នៅទីក្រុងបូហ្គោតា​ ប្រទេស​កូឡំប៊ី​ ។

ឯកឧត្តម ថេង ច័ន្ទសង្វារ បន្តថា ក្រៅនេះបានដោះស្រាយបញ្ចប់វិវាទដីធ្លី​ជិត​ ១,៦​មុឺនករណី និងបានបែងចែកដី​រដ្ឋជាង​ ១,៣លានហិកតា​ ដល់ប្រជាពលរដ្ឋជិត៥០មុឺនគ្រួសារ។ ទាំងសបញ្ជាក់ថា វិស័យដីធ្លីនៅកម្ពុជា​ពិតជាបានចូលរួមកសាងស្ថិរភាព​ សន្តិភាព​ និងការផ្សះផ្សាជាតិ​ ។

គួរបញ្ជាក់ថា រាជរដ្ឋាភិបាល បានចាត់ទុក ការចុះបញ្ជីដីធ្លី និងចេញបណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋ គឺដើម្បីបញ្ចប់វិវាទដីធ្លីនិងភាពចម្រូងចម្រាស់នៅទូទាំងប្រទេស ផ្ដល់សុវត្ថិភាពក្នុងការកាន់កាប់ដីធ្លីស្របច្បាប់ បង្កើនតម្លៃដីធ្លី ជាទ្រព្យសម្រាប់កសាងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ក្នុងជំនាន់នេះនិងជំនាន់ក្រោយៗទៀត។

នៅក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងទិសដៅការងារបន្តសម្រាប់ឆ្នាំ២០២៥ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាលពីថ្ងៃទី២៦ វិច្ឆិកា ឆ្នាំ២០២៤ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា ក៏បានបញ្ជាក់ដែរថា រាជរដ្ឋាភិបាល បានគ្រោងថវិកាចំនួន១០០លានដុល្លារ សម្រាប់ជំរុញការងារ វាស់វែងនិងចុះបញ្ជីដីធ្លីបង្ហើយឲ្យចប់សព្វគ្រប់នៅក្នុងអាណត្តិទី៧នេះ  ដើម្បីផ្តល់បណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋ បញ្ជៀសវិវាទដីធ្លីដែលជាបញ្ហាចម្រូងចម្រាសក្នុងសង្គម។

សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី សង្ឃឹមថា ការងារចែកបណ្ណ នឹងត្រូវបញ្ចប់នៅឆ្នាំ២០២៧ ដែលជាពេលវេលាសសមស្របជាយុទ្ធសាស្ត្រ ដើម្បីឈានទៅប្រារព្ធខួប៤០ឆ្នាំ (១៩៨៩-២០២៩) នៃការផ្តល់កម្មសិទ្ធិឯកជនលើដីធ្លីជូនប្រជាពលរដ្ឋនៅកម្ពុជា ដែលបានផ្តួចផ្តើមឡើយដោយ សម្តេចតេជោ ហ៊ុន សែន ៕

អត្ថបទ៖ ពុទ្ធិកា