សម្តេចតេជោ ហ៊ុន សែន បានទម្លាយនៅរឿងរ៉ាវគ្រួសារសម្តេច និងគ្រួសារលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា អតីតនាយករដ្ឋមន្រ្តីថៃ ដែលធ្លាប់មកស្នាក់នៅក្នុងភូមិគ្រឹះសម្តេចតេជោនាទីក្រុងតាខ្មៅ ហើយបន្ទប់ទាំងពីរនោះសម្តេចបានសរសេរឈ្មោះថែមទៀត គឺមួយសម្រាប់លោក ថាក់ស៊ីន និងមួយទៀតសម្រាប់លោកស្រី យីងឡាក់ អតីតនាយករដ្ឋមន្រ្តីថៃដែលត្រូវបានធ្វើរដ្ឋប្រហារ។

តាមរយៈសារលើបណ្តាញសង្គមនារសៀលថ្ងៃសុក្រនេះ សម្តេចតេជោ ហ៊ុន សែន បានអបអរសាទរជាមួយព្រះតេជគុណ ឪស៊ុច ដែលត្រូវបានសម្តេចធិបតី ហ៊ុន ម៉ាណែត ស្វាគមន៍ទទួលយកមកគង់នៅកម្ពុជា និងគ្រោងស្នើសុំព្រះមហាក្សត្រ ប្រគេនសញ្ជាតិខ្មែរដល់លោកឪស៊ុចផងដែរ ដើម្បីព្រះអង្គបំពេញកាងារក្នុងជាជនជាតិខ្មែរ។
ជាមួយគ្នានេះ សម្តេចសង្ឃឹមថា រឿងលោក ឪស៊ុច មិនបង្កការរំខានដល់ទំនាក់ទំនងកម្ពុជា-ថៃ ឬថាជាការលូកដៃចូលកិច្ចផ្ទៃក្នុងរបស់ថៃនោះទេ ព្រោះកម្ពុជាក៏មិនអនុញ្ញាតឲ្យលោកឪស៊ុច កសាងកម្លាំងប្រឆាំងជាមួយថៃនោះដែរ។ ម្យ៉ាងទៀតរឿងលោកឪស៊ុច ក៏មិនជារឿងថ្មីនោះដែរ ព្រោះខ្លួនសម្តេចក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា ក៏ធ្លាប់ជួយដល់អតីតនាយករដ្ឋមន្ត្រី ថាក់សុីន និងអតីតនាយករដ្ឋមន្ត្រី យ៉ីងឡាក់ ដែលជាឪពុកបង្កើត ម្តាយមីងបង្កើតរបស់នាយករដ្ឋមន្ត្រីថៃបច្ចុប្បន្នផងដែរ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា «នៅពេលទស្សនកិច្ចផ្លូវការរបស់នាយករដ្ឋមន្ត្រីថៃនៅកម្ពុជា កាលពីខែមេសា ឆ្នាំ២០២៥ កន្លងទៅ ក្រៅពីកម្មវិធីផ្លូវការយើងមានកម្មវិធីគ្រួសារដោយនាយករដ្ឋមន្ត្រីថៃ អ៊ុងអុីន និងស្វាមីបានមកទទួលទានអាហារនៅផ្ទះខ្ញុំ។ មុនពេលចាកចេញនាយករដ្ឋមន្ត្រីថៃ បានសុំមើលបន្ទប់ដែលឪពុករបស់គាត់ និងម្តាយមីងរបស់គាត់សម្រាក ព្រោះផ្ទះរបស់ខ្ញុំបានរក្សាបន្ទប់ពីរជូនបងប្អូនទាំងពីរនាក់។ បន្ទប់មួយខ្ញុំដាក់ឈ្មោះថា បន្ទប់ ថាក់សុីន និងបន្ទប់មួយទៀតមានឈ្មោះថា បន្ទប់ យ៉ីងឡាក់។ ស្វាមីនាយករដ្ឋមន្ត្រីថៃ បានថត និងថតជាវីដេអូនៅបន្ទប់ទាំងពីរនេះ»។
សម្តេចតេជោបានគូសបញ្ជាក់ថា មនោសញ្ចេតនារយៈពេលជាង៣០ឆ្នាំរវាងគ្រួសារទាំងពីរ ត្រូវបានបំផ្លាញដោយការបែកធ្លាយនូវការសន្ទនាតាមទូរស័ព្ទដោយមន្ត្រីកម្ពុជាណាមួយដែលមានកំហឹងចំពោះការប្រមាថមកលើរូបខ្ញុំ និងនាយករដ្ឋមន្ត្រីកម្ពុជាថាគ្មានវិជ្ជាជីវៈ៕





