ឯកឧត្តម ប៉ែន បូណា៖ កម្ពុជា ប្រទេសតូច ប្រជាជនតិច តែទទួលបានការគាំទ្រនិងកោតសរសើរច្រើន

តាមរយៈបទអន្តរាគមន៍ នៅក្នុងសេចក្តីសង្ខេបព័ត៌មានស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នៅព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៥នេះ ឯកឧត្តម ប៉ែន បូណា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល បានគូសបញ្ជាក់ថា រហូតមកទល់ពេលនេះ ថ្ងៃទី១ ខែកញ្ញា ឆ្នាំ ២០២៥ កម្ពុជានៅតែផ្តល់តម្លៃយ៉ាងខ្ព់សដល់កិច្ចព្រមព្រៀងឈប់បាញ់និងគោរពកិច្ចព្រមព្រៀងនេះបានយ៉ាងល្អដដែល ហើយកិច្ចព្រមព្រៀងឈប់បាញ់ក៏កំពុងតែស្ថិតនៅជាធរមាន និងបន្តផ្តល់ប្រយោជន៍យ៉ាងច្រើនដល់ប្រទេសនិងប្រជាជនទាំងពីរ(កម្ពុជាថៃ) ក៏ដូចជាបានរួមចំណែកយ៉ាងសំខាន់ដល់ការថែរក្សាសន្តិសុខនៅក្នុងតំបន់ទាំងមូល។

តាមរយៈការអនុវត្តបទឈប់បាញ់ដោយសុច្ចរិត ស្មោះត្រង់ និងក្រោមស្មារតីស្រឡាញ់សន្តិភាពនិងគោរពច្បាប់អន្តរជាតិ ព្រះរាជាណាចក្រកម្ពុជាត្រូវបានគេស្គាល់និងកោតសរសើរកាន់តែច្រើនឡើងជាលំដាប់នៅលើឆាកអន្តរជាតិ។ ប្រទេសដ៏តូចនៅក្នុងតំបន់អាស៊ីអាគ្នេយ៍មួយនេះទទួលបានការចាប់អារម្មណ៍ពីបណ្តាប្រទេសនានានៅក្នុងពិភពលោកតាមរយៈសកម្មភាពការទូតយ៉ាងសកម្មនិងត្រឹមត្រូវរបស់ថ្នាក់ដឹកនាំកំពូលដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដែលបានផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះជម្លោះព្រំដែនជាមួយប្រទេសថៃនាពេលនេះនិងបានពាំនាំយករឿងរ៉ាវពិតទាំងឡាយពីកម្ពុជាទៅកាន់ពិភពលោកយ៉ាងឆាប់រហ័ស។

បន្ថែមពីលើនេះ ការរួបរួមសាមគ្គីគ្នារបស់ប្រជាពលរដ្ឋខ្មែរទាំងក្នុងនិងក្រៅប្រទេស រួមទាំងព្រះសង្ឃផង ដែលបានធ្វើសកម្មភាពយ៉ាងកងរំពងដើម្បីបង្ហាញស្មារតីស្រឡាញ់សន្តិភាព គោរពច្បាប់និងសណ្តាប់ធ្នាប់អន្តរជាតិ ដោយទាមទារឱ្យប្រទេសថៃគោរពបទឈប់បាញ់ បញ្ឈប់ការបង្ករហេតុដែលនាំដល់ការផ្ទុះសង្គ្រាមរវាងប្រទេសទាំងពីរក៏បានធ្វើឱ្យពិភពលោកចាប់អារម្មណ៍យ៉ាងខ្លាំងមកលើកម្ពុជា។

សំឡេងតែមួយរបស់កម្ពុជាដែលថ្នាក់ដឹកនាំក៏ដូចជាប្រជាពលរដ្ឋខ្មែរបង្ហាញទៅកាន់ពិភពលោកគឺ កម្ពុជាស្រឡាញ់សន្តិភាព កម្ពុជាគោរពច្បាប់អន្តរជាតិ កម្ពុជាចង់បានព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍន៍ គឺមិនមែនជម្លោះប្រដាប់អាវុធទេ។ គោលបំណងនិងសកម្មភាពជាក់ស្តែងរបស់កម្ពុជាត្រូវបានសហគមន៍អន្តរជាតិដឹងលឺ និងបានឃើញផ្ទាល់ភ្នែកតាមរយៈមធ្យោបាយច្រើនយ៉ាងមានដូចជា ដំណើរទស្សនកិច្ចរបស់អង្គទូត និងក្រុមអ្នកសង្កេតការណ៍បណ្តោះអាសន្ន (IOT= Interim Observers Team) ក៏ដូចជាមន្ត្រីបរទេសផ្សេងៗទៀតរួមទាំងអ្នកសារព័ត៌មានផងដែលបានមកដល់កម្ពុជា ក៏ដូចជាការនាំសារពីការពិតរបស់ថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋខ្មែរទៅកាន់ពិភពលោក។

សរុបទៅ អាចនិយាយបានថា កម្ពុជាគឺជាប្រទេសតូច មានប្រជាជនតិច តែសំឡេងជាធ្លុងមួយនិងប្រកបដោយការទទួលខុសត្រូវរបស់កម្ពុជាទទួលបានការគាំទ្រនិងកោតសរសើរពីបណ្តាប្រទេសជាច្រើននៅក្នុងពិភពលោក។ ទោះយ៉ាងណា បេសកកម្មនៅមិនទាន់ចប់នៅឡើយទេ ដែលទាមទារឱ្យយើងទាំងអស់គ្នាបន្តថែរក្សាកម្លាំងមហាសាមគ្គីឯកភាពជាតិដ៏រឹងមាំនេះនៅពីក្រោយរាជរដ្ឋាភិបាល និងកងទ័ពដ៏អង់អាចក្លាហានរបស់យើងជាបន្តទៀតនិងដោយឥតងាករេ៕